កំពង់ចាម ពិធីបុណ្យកាន់បិណ្ឌឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំមួយរបស់ខ្មែរយើង គឺមានរយៈពេលរហូតដល់១៥ថ្ងៃ សម្រាប់ការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដូនតា ដើម្បីសុំសេចក្ដីសុខចំរើនរកស៊ីទទួលទានមានបាន ត្រូវបានបញ្ចប់ដោយសុទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យទាន យ៉ាងសប្បាយរីករាយដោយការជួបជុំសាច់ញាតិបងប្អូន និងការដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ដោយសុខសន្តិភាព។
សម្រាប់នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលអាចហៅថាជាថ្ងៃភ្ជុំធំ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនបាននាំយកចង្ហាន់ និងទ័យទាន ទៅប្រគេនដល់ព្រះសង្ឃ រួចរាល់ហើយក៏មានការដើរលេងកម្សាន្តតាមរមណីយដ្ឋានមួយចំនួនផងដែរ។
ក្នុងនោះនៅខេត្តកំពង់ចាម មានរមណីយដ្ឋា៧នសំខាន់ៗមានដូចជា ប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ភ្នំហាន់ជ័យ ភ្នំជើងព្រៃ តំបន់ទឹកឆា និងរមណីយដ្ឋាននានាជាច្រើនទៀត។
គេសង្កេតឃើញថា នៅថ្ងៃភ្ជុំធំ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង នៅរមណីយដ្ឋានទឹកឆា តែភ្ញៀវទេសចរណ៍នៅតែបន្តសម្រុកចូលលេងកម្សាន្តយ៉ាងច្រើនកុះករ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅមាត់ច្រកផ្លូវចូលទៀតផង ហើយរោងកញ្ចោះសម្រាប់អង្គុយទទួលទានអាហារនិមួយៗ គឺមានភ្ញៀវចូលពេញៗតែម្ដង ដោយអ្នកខ្លះវេចខ្ចប់អាហារយកមកពីផ្ទះ និងអ្នកខ្លះកម្មង់ទិញអាហារស្រាប់នៅទីនោះតែម្ដង។
ដោយឡែកនៅខេត្តត្បូងឃ្មុំ មានរមណីយដ្ឋានសំខាន់ៗ មានដូចជា ហ្លួងស្តេចកន ទឹកធ្លាក់ហោង ប្រធាតុអូរាំងឪ អន្លង់ជ្រៃ និងរមណីយដ្ឋានផ្សេងៗមួយចំនួនទៀត ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមជាមួយភ្លៀវទេសចរណ៍អន្តរជាតិ មកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញានេះដែរ នៅរមណីយដ្ឋានអន្លង់ជ្រៃ បានរៀបចំពីធីប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងពិធីជូនព្រលឹងដូនតាត្រឡប់ទៅស្រុកវិញ ដែលប្រារព្ធឡើងនៅក្នុងទីតាំងផ្ទះ១០០ខ្នង ភូមិអភិវឌ្ឍន៍ ហេងសំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ៕



































