ស្រ្តីមេម៉ាយកូន៤នាក់ មានជីវភាពក្រីក្រ បានទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តចុះសួរសុខទុក្ខ ស្រ្តីមេម៉ាយ ត្រូវបាន ស្វាមីបោះបង់ រស់នៅក្នុងជីវភាពទីទាល់ក្ររ មានជីវភាពខ្វះខាត បាននាំយកអំណោយរបស់សម្តេចតេជោ​ហ៊ុន សែន ផ្តល់ជូន នៅល្ងាច​ថ្ងៃ​ទី​២៦ខែកញ្ញា​ឆ្នាំ​២០១៧ ស្ថិតនៅ ភូមិ​ក្តី​ដូង​ ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។

ប្អូនស្រី ​អ៊ុន សុត​ អាយុ​ ៤២​ ឆ្នំាជាស្រ្តី​មេម៉ាយ ​ ក្រោយពីបែកបាក់គ្រួសារ ស្វាមីបានបន្សល់កូន៤នាក់ ឲ្យរស់នៅក្នុង​បន្ទុក គ្មានមុខរបរពិតប្រាកដ ជីវិតរស់នៅ​ក្នុង​តែលតោលគ្មានកោះត្រើយ តែទោះជាមានជីវភាពក្រលំបាក យ៉ាងណាក្តី ក៏ខំតស៊ូចិញ្ចឹមកូនទាំង៤នាក់ ទាំងត្រដាប់ត្រដួស ដោយរកមុខរបរទទួលទាន ​នាំកូន​ដើរ​ឆ្លុះសត្វតូចៗ(កូន​កង្កែប​ កូន​ក្អាត់​)​លក់​គ្រាន់​បាន​ប្រាក់​ទិញ​អង្ករ​ហូប​ប្រចាំ​ថ្ងៃ​ ។ដោយមានការអាណិតអាស៊ូ ពីសំណាក់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយរំលែកទុក្ខ ដោយបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើង​មួយ​កេស​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​ ៨០.០០០​ ៛​។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីបាន​បញ្ចប់​ភារកិច្ច​ក្នុង​អង្គ​ភាព​ បាន​ដឹកនាំ​សហការី​ចុះសំណេះសំណាលសាកសួរសុខទុក្ខ​ ជាមួយ​នឹងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ  ក៏បានប្រទះឃើញប្អូនស្រី ​អ៊ុន សុត ដែលជាស្រ្តីមេម៉ាយ មានជីវភាពក្រខ្សត់  ​ ក្រោយ​ស្វាមី​ចុះ​ចោល​ទៅ​ ប្អូន​ស្រី​ខិតខំ​រកស្លឹកត្នោត​ និងឈើ​ ឬស្សី​ ដើម្បី​បាន​សង់​ខ្ទម​ធ្វើជាជម្រកស្នាក់នៅ ជាមួយនឹងកូនៗ៤នាក់ ​ រហូតមកដល់បច្ចុប្បន្ន  ក្នុងនោះឯកឧត្តម សោម ស៊ុន បាន ផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្អូនស្រី អោយតស៊ូបន្ថែមទៀត អប់រំកូនចៅឲ្យក្លាយទៅជាមនុស្សល្អ រួមទាំង ជម្រុញឲ្យកូនចៅបានចូលរៀនគ្រប់គ្នា ដើម្បីបញ្ជ្រៀសគ្រោះអវិជ្ចា ។ប្អូនស្រី ​អ៊ុន សុត បានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អណ្ណត្តិ និងសូម​ថ្លែង​អំណរ​គុណចំពោះឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ និង​សហការី ដែលបានគិតគូរពី​ជីវភាពរបស់ក្រុមគ្រួសាររបស់ប្អូនស្រី ក៏ដូចជាប្រជាពលរដ្ឋដ៏ទៃ និងសូមជូនពរឲ្យជួបប្រទះតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច។

 

     ដោយ  ប៊ុន  រដ្ឋា