ឧត្តមសេនីយ៍ត្រី សោម ស៊ុន នាំអំណោយចែកជូនលោកយាយទុរគត់ជន និងចៅ២នាក់

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំ​សហការីចុះសួរសុខទុក្ខលោកយាយចាសជរា មានឈ្មោះ​ ភាច​ ហម​ អាយុ​ ៦៧ឆ្នាំ ​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​ពីរ​នាក់​រស់នៅសព្វថ្ងៃ បានអ្នកជិតខាង​ ផ្តល់ចំណីអាហារ លោកយាយរស់នៅក្នុងខ្ទមស្លឹកដ៏ធ្លុះធ្លាយ ជីវិត ពោពេញទៅដោយទុក្ខលំបាក ដោយបច្ចុប្បន្នរស់​នៅ​ភូមិ​ត្រពាំង​ផ្តៀក​ ឃុំ​សាលាវិស័យ​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​។

លោក​យាយ​​ ភាច​ ហម​ មាន​កូន​ស្រី​ចំនួន​២ពីរ​នាក់​  តែ​កូន​គាត់មាន​​ប្តី​ បានបែក​ទៅរស់នៅរៀងខ្លួន​ ដោយ កូនស្រីមួយបានទៅ ធ្វើ​កម្មករនៅប្រទេសម៉ាឡេស៊ី បាត់ដំណឹងសូន្យឈឹង​ រហូតដល់​សព្វ​ថ្ងៃ​ ហើយ​មិន​ដែល​បាន​ផ្ញើរ​ថវិកា​មក​គាត់​ម្ដង​ណា​ឡើយ​   បច្ចុប្បន្ន​លោក​យាយ​ រស់​រង់ចាំ​ការ​ផ្តល់​ជំនួយ​ពី​បងប្អូន​ និង​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ​ ដើម្បីចិញ្ចឹមជីវិត។​ 

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​ និងសហការី រួមជាមួយ​លោក​មេឃុំ​សាលាវិស័យ​ បាននាំយកអំណោយ  យកទៅជូន លោក​យាយ​​ ភាច​ ហម នៅ​ល្ងាច​ថ្ងៃ​ទី​២៩ខែកញ្ញា​ ឆ្នាំ​២០១៧ បន្ទាប់ពីទទួល​បាន​ពត៌មាន​ក៏ បានចុះទៅទីតាំងលោកយាយស្នាក់នៅ និងបាន​ផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ជូន​គាត់​ មាន​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន១៣០.០០០​ ៛​ ។

លោក​យាយ​ ភាច​ ហម​ មានចិត្តរំភើបក្នុង​ចិត្ត ដោយ​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ និង​សូមថ្លែងអំណរគុណ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​និង​អាជ្ញា​ធរ​ដែនដី​ ដែល​ជានិច្ចកាល​គិតគូរ​ពី​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​ឡើយ​  ។

ដោយ  ប៊ុន  រដ្ឋា