ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដឹកនាំសហការី ចុះសួរសុខទុក្ខអតីតយុទ្ធជនមួយ​គ្រួសារដែលមានជីវភាព​ខ្វះខាត

0

កំពង់ធំៈ នៅថ្ងៃឈប់សម្រាក ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម​ ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឈ្លៀតឳកាសដឹកនាំសហការី ចុះសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលកំពុងតែរស់នៅតាម​មូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីសិក្សាស្វែងយល់ ពីជីវភាពរស់នៅពិតប្រកដរបស់ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលជាការផ្តាំផ្ញើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត យុទ្ធជនកម្ពុជា ។

ជាក់ស្តែងនៅព្រឹកទី​០១ខែតុលា​ ឆ្នាំ​២០១៧​ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបន្តដំណើរ  ​ ​ចុះសំណេះសំណាលសាកសួរសុខទុក្ខ​ និង​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធ​ជន​មួយ​គ្រួសារ រស់​នៅ​ ភូមិ​ក្រវ៉ា   ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  ដែលមានឈ្មោះ ​ អឿ​ អាន​ អាយុ​៤៧​ ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​ឆ្នាំ​១៩៨៩​ ក្នុង​អង្គ​ភាព​យោធា​ស្រុក​បារាយណ៍​ និង​វរសេនាតូច​លេខ​១​ នៃយោធាខេត្តកំពង់ធំ​ ហើយ​បាន​ឈប់​សម្រាក​ពី​ជួរកងទ័ពនៅ​ឆ្នាំ​ ១៩៩៨​  ។​

បច្ចុប្បន្នលោក ​អឿ​ អាន​ ជា​ប្រធាន​ប្រជាការពារ​ភូមិ មាន​ភរិយា​ឈ្មោះ​ ហ៊ុន ​ សៀង​ អាយុ​៤៩ឆ្នំា​  មាន​កូន​ចំនួន​៥​  នាក់​ រស់នៅ​ក្នុង​បន្ទុក​ ក្នុង​នោះ​មាន​កូន​ម្នាក់​ពិការ​ខួរក្បាល និង​រៀងកាយ​តាំង​ពី​កំណើត ​ ​  តែមាន​ជីវភាព​ក្រលំបាក​ខ្វះខាត​ ដោយ​សារក្នុង​គ្រួសារ​មាន​កូន​ច្រើន​ហើយ​ឧស្សាហ៍​មាន​ជំងឺ​ថែម​ទៀត​  និងពុំមានមុខរបរអ្វីជាដុំកំភួននោះឡើយ  រស់នៅសព្វថ្ងៃបានព្រឹកខ្វះល្ងាច។

នៅក្នុង​ឱកាសនៃពិធី​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​  អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​  មីយើង​ចំនួន​២កេស​  ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ពីរយួរ​  ខោអាវ​ប្រជាការពារ​មួយ​កំប្លេរ​  និង​ថវិកា​ចំនួន​១០០.០០០​ ៛​ផងដែរ។

អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ បាន​ថ្លៃ​ងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ​ សម្តេច​តេជោ​ ហ៊ុន​  សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​រៀប​ចំ​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នេះ​ឡើង​ ដើម្បី​ងាយស្រួល​ដឹង​សុខ​ ដឹង​ទុក្ខ​ របស់​អតីត​យុទ្ធ​ជន​ដែល​រស់នៅ​តាម​មូលដ្ឋាន​   និង​សូមគាំទ្រសម្តេចជានាយក​រដ្ឋមន្ត្រី​ជា​រៀង​រហូត​  ។

ដោយ  ប៊ុន  រដ្ឋា