កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងក្រុមបច្ចេកទេស ចុះត្រួតពិនិត្យ ទីតាំងដែលគ្រោង និងប្រារព្វពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែននៅថ្ងៃទី០៧-០៨ ខែតុលាឆ្នាំ២០១៧ខាងនេះ ដើម្បីសម្រួលដល់ការទស្សនារបស់ បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួម សប្បាយ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។
ការចុះត្រួតពិនិត្យ ស្ថានភាពតាមដងស្ទឹងសែន ដើម្បីនឹងកែសម្រួល និងរៀបចំទីតាំងប្រណាំងទូកង នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ ក្នុងនោះក៏មានការរៀបចំតុបតែង កែលំអរសោភ័ណភាព នៅតាមបណ្តោយស្ទឹងសែន ដើម្បីឲ្យប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនា ឲ្យកាន់តែទទួលបានការសប្បាយ និងភាពអ៊ូ អរ ក្នុងនោះអនុគណៈកម្មការរៀបចំកម្មវិធី ត្រូវត្រៀមជាស្រេច ដោយមានការយកចិត្តទុកដាក់ និងទួលខុសត្រូវខ្ពស់។
ការរៀបចំពិធីប្រណាំទូកង នេះ រដ្ឋបាលខេត្តកំពង់ធំ បានបែងចែកជាបួនក្រុមរួមមាន៖ ១). ក្រុមរៀបចំខ្លឹមសារ និងទទួលការងាររួម ២). ក្រុមរៀបចំវេទិកា តុ កៅអី បដា និងទង់ជ្វាលា ៣). ក្រុមទទួលភ្ញៀវ និងភេសជ្ជៈ ៤). ក្រុមការងារសារព័ត៌មាន និងរៀបចំឧបករណ៍បំពងសម្លេង ជាពិសេសគឺការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ឲ្យទទួលបានសុវត្តិភាពខ្ពស់បំផុត ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានរក្សានូវទំនាមទំលាប់ប្រពៃណីខ្មែរ ដែលត្រូវបានរៀបចំប្រារព្វ ធ្វើឡើងស្របពេលជាមួយនឹងពិធីប្រណាំទូក ដោយបានរៀបចំបណ្តែតប្រទីប នៅរាត្រីថ្ងៃទី ៧ នៅតាមដងស្ទឹងសែនត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរនៅម៉ោង៧:៣០នាទី ដើម្បីឲ្យពិធីកាន់តែមានភាពអធឹកអធ័ម ។ ក្នុងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ចូលរួមឲ្យបានច្រើនកុះករ ក្នុងនាមជាម្ចាស់ផ្ទះ និងសូមអញ្ជើញបងប្អូនជនរួមជាតិ ទាំងអន្តរជាតិ មកចូលរួមទស្សនាកំសាន្តពិធីប្រណាំងទូកនៅខេត្តកំពង់ធំ ឲ្យបានសប្បាយផងដែរ ។
ដោយ ប៊ុន រដ្ឋា




































