ឯកឧត្តម គង់ វិមាន ប្រជុំត្រួតពិនិត្យបច្ចុប្បន្នភាពបក្សឃុំនិងពង្រឹងការងារធ្វើសៀវភៅបក្សដល់សមាជិក

0

ខេត្តកំពង់ធំៈ ឯកឧត្តម គង់ វិមាន សមាជិកអចិន្រ្តៃគណបក្សខេត្ត និងជាអនុប្រធានទី១​ក្រុមការងារចុះជួយ​ស្រុកស្ទោង បានដឹកនាំការប្រជុំសមាជិកបក្សឃុំប្រឡាយ ដើម្បីត្រួតពិនិត្យបច្ចុប្បន្នភាព និងបានផ្តោត​ទៅ​លើ​ការងារសៀវភៅក្រុមគ្រួសារបក្សរបស់សមាជិកបក្សឃុំ ដើម្បីពង្រឹងការងារគ្រប់គ្រងសមាជិកបក្ស ដែល ពិធីនេះត្រូវវាបានធ្វើឡើងនៅព្រឹកថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០១៧ នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍ថា ស្រុកស្ទោងមានចំនួន១៣ឃុំ ដោយនៅតាមបណ្តាឃុំនីមួយៗពុំ​ទាន់មានស្នាក់ការបក្សសម្រាប់ធ្វើការងារត្រឹមត្រូវនោះទេ ក្នុងនោះគឺមានតែឃុំពពកមួយគត់ ដែលបានរៀប​ចំឲ្យមានស្នាក់ការសម្រាប់ធ្វើការងារបក្ស ក្នុងនោះក៏បានធ្វើការណែនាំនិងជម្រុញឲ្យគ្រប់ឃុំទាំងអស់ រួមគ្នា បង្កើតស្នាក់ការបក្សឃុំ នៅតាមបណ្តាឃុំនីមួយៗដែលមានដីសម្រាប់ការសាងសង់ស្រាប់ និងត្រូវរួមគ្នាផ្តើម នូវការកសាងហេដ្ឋារចនាសម្ព័ន្ឋការងារឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោត នាពេលខាងមុខនេះ ។

ក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំប្រឡាយ គឺបានផ្តោតលើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារសមាជិកបក្ស ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ជាពិសេសត្រូវ​ណែនាំឲ្យឳពុក ម្តាយរបស់គ្រួសារបក្ស ដែលជាយុវជន យុវនារី ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឲ្យ​បានទាន់ពេលវេលា ដើម្បីប្រើសិទ្ធិរបស់ខ្លួនឯងក្នុងការ ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត និងជា​យុទ្ធសាស្រ្តសំខាន់ ដែលសមាជិកបក្សឃុំទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត។

ក្នុងឳកាសនេះដែរ ឯកឧត្តម គង់ វិមាន បានផ្តាំផ្ញើរដល់សមាជិកបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ជាមួយ នឹងគ្រួសារបក្ស បំរើរាស្រ្ត បំរើប្រជាពលរដ្ឋ នឹងត្រូវទប់ស្កាត់ការធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាជន​រដ្ឋ ដោយការគៀបសង្កត់ គំរាមគំហែង ជំរិតទារប្រាក់ពីការដឹកអុស ដឹកឈើបន្តិចបន្តួច ជាលក្ខណៈគ្រួសារ  ដែលបង្ករឲ្យមានបញ្ហា ក្នុងការរួបរួមសមាជិកបក្ស និងត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ ការពារសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់ចោរលួចចោរប្លន់ ការចរាចរណ៍ចែកចាយ និងសេពគ្រឿងញៀន និងក្មេងទំនើង ឲ្យបានដាច់ខាត។

ដោយ  ប៊ុន ​រដ្ឋា