ប្រកាសផ្លាស់ប្តូរប្រធានពន្ធនាគារថ្មី ខេត្តកំពង់ធំ, លោក តាម វៃ ជំនួសលោក ភាន ឆវ័ន្ត

0

កំពង់ធំ  កឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសឲ្យចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តកំពង់ធំ ដោយលោក តាម វៃ ចូលកាន់តំណែងជំនួសលោក ភាន ឆវ័ន្ត។ ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ក៏មានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម សុខ លូ បានលើកឡើងពីការដឹកនាំរបស់លោក ភាន ឆវ័ន្ត កន្លងមកមានស្នាដៃជាច្រើន ដូចជាកសាងអគារ, របងប្រព័ន្ធសុវត្ថិភាពជាដើម ដោយការផ្លាស់ប្តូរនេះគ្មានអ្វីប្លែកនោះទេ។ ឯកឧត្តម ក៏បានជំរុញឲ្យលោក តាម វៃ ត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាពឲ្យមានប្រសិទ្ធភាព និងសម្រេច បានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និង គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាព ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើង ចំពោះមន្ត្រីខិលខូចមួយចំនួនតូចត្រូវ “ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល” ជាពិសេស ត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហាប្រឈម ការលំបាកនិងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប៉ាវ ហមផាន មានប្រសាសន៍លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីគៀបសង្កត់ អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាតបើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញពីអាជ្ញាធរតុលាការឡើយ ក្នុងពន្ធនាគារត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារត្រូវទប់ស្កាត់ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹងជាដាច់ខាត។
លោក តាម វៃ ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំរបស់អ្នកចាស់ ដោយខិតខំរិះរកបង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាពឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់អគ្គនាយករដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព ការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ។