សមាគមអតីតយុទ្ធជខេត្តកំពង់ធំបន្តចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ដើម្បីលើកទឹកចិត្ត

0

កំពង់ធំ៖  ដើម្បីបង្កើននូវចំណងមិត្តភាព រវាងអតីតយុទ្ធជននៅក្នុងមូលដ្ឋាន នៃទឹកដីខេត្តកំពង់ធំ ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ កម្ពុជា បានយកចិត្តទុកដាក់ មកលើគ្រួសារអតីតយុទ្ធជនកម្ពុជា និងជម្រុញឲ្យមាន​ការមើលថែរគ្រួសារ អ្នកមានគុណលើប្រទេសជាតិទាំងនេះ ពិសេសជាងប្រជាពលរដ្ឋធម្មតា។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញ និងគាំទ្រពី​សកម្មភាព​របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងសហការី បានប្រឹងប្រែងដោយលះបង់សេចក្តីសុខ និងពេលវេលា ដើម្បីកិច្ចការសង្គម ក្នុងការចងសម្ព័ន្ឋ​មេត្រីភាព​រវាង កងកម្លាំង និងអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋ ដោយជាកិច្ចការ ចាំបាច់បំផុតក្នុងការស្វែងយល់ ពីជីវភាព​រស់នៅក្នុងបច្ចុប្បន្ន របស់គ្រួសារអតីតយុទ្ធជន ។

ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃ​ទី​០៥ខែតុលា​ឆ្នាំ​២០១៧​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​ ​បាន​បន្ត​ដឹកនាំ​សហការី​ចុះសំណេះ​សំណាលសាកសួរសុខទុក្ខ​អតីតយុទ្ឋជន​មួយ​គ្រួសារ​ទៀត​រស់​នៅ​ភូមិ​ពាមគ្រែង​ ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

លោក​ព្រឹន្ទបាលទោ​ ថោ​ លួ​ អាយុ​៤៨ឆ្នំា​ អតីតយុទ្ធជន កន្លងមករស់​នៅ​អង្ភភាព​វរសេនាតូច​លេខ​៥៥​ នៃយោធាខេត្តកំពង់ធំ​ ​ ដែលបានចូលបំរើក្នុងជួរកង​ទ័ព​នៅ​ឆ្នាំ​១៩៩៤​ ហើយក៏បាន​ត្រូវ​របួស​ដោយ​សារ​ក្រុម​ខ្មែរ​ក្រហម​ចុចបំផ្ទុះមីន​នៅ​សមរភូមិ​ត្រពាំង​ព្រះ  ​ផ្លូវ​ជាតិ​លេខ​១២​(៦២)​ នៅថ្ងៃទី​០៨ខែវិច្ឆិកាឆ្នាំ​១៩៩៧​ លោក​ ថោ​ លួ​ មាន​ភរិយា​ឈ្មោះ​ ភន​ ឃី​ អាយុ​៤៩ឆ្នំា​ មាន​កូន​នៅ​បន្ទុក​ចំនួន​៦​ នាក់​ ប្រកបរបរ​នេសាទ​ត្រី​គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​ តែ​ជា​អកុសល​នៅ​ថ្ងៃទី​ ០៩ខែ​មិថុនា​ឆ្នាំ​២០១៧​ កន្លង​មក​នេះ​ លោក ព្រឹន្ទបាលទោ​ ថោ​ លួ​ បាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាក់​ជើង​ខាង​ឆ្វេង​  ដែល​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ ដោយ​អបឆ្អឹងដែកមិនអាចធ្វើដំណើរទៅណាបានអស់រយៈពេលជិតបួនខែហើយ​ ក្នុង​ឱកាស​សំណេះសំណាល​ ​ក្រុម​ការងារ​បាន​ជួយឧបត្ថម្ភ​នូវ​អង្ករចំនួន​៥០​គីឡូក្រាម​ មីយើង​ពីរកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ ចំនួន​១០០.០០០៛​ ។

ដោយ  ប៊ុន រដ្ឋា