ខេត្តកំពង់ធំៈ ឯកឧត្តម អភិបាលខេត្តកំពង់ធំ រួមទាំងអ្នកមុខអ្នកការ គណកម្មការ បានប្រារព្វពិធីបន់ស្រន់ អ្នកតា ក្រហម ក ដែលជាម្ចាស់ទឹកម្ចាស់ដីរួមទាំងវត្ថុស័ក្កសិទ្ធ ដែលបានថែរក្សានៅក្នុងទឹកដីខេត្តកំពង់ធំ ដើម្បីសុំសេចក្តីសុខ បញ្ជ្រៀសឧបទ្រុបចង្រៃ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្ត ទទួលបានភាព សប្បាយរីករាយ ក្នុងឳកាសប្រណាំទូក បណ្តែតប្រទីប ដែលនឹងចាត់ធ្វើឡើង នៅរសៀលថ្ងៃទី ៧ និង ៨ ខែតុលា ឆ្នាំ ២០១៧។
ពិធីបន់ស្រន់សុំសេចក្តីសុខ ដោយមានការចូលរួម ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមន្ទីរអង្គភាព ជុំវិញខេត្ត និងបានអញ្ជើញអំពាវនាវជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទំាងអស់ អញ្ជើញចូលរួមក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីប ឲ្យបានច្រើនកុះករ ក្នុងនោះនៅពេលរាត្រី ក៏មានកម្មវិធីកំសាន្ត ដូចជា ការតំាងពិពណ៌លក់ផលិតផល ការប្រគំតន្ត្រីចំនួនពីរកន្លែង ការបាញ់កាំជ្រួច និងបណ្តែតប្រទីបផងដែរ។
នៅក្នុងឪកាសនៃពិធីបន់ស្រន់ ឯកឧត្តម សុខ លូ ក៏បានយកចិត្តទុកដាក់មកលើបញ្ហាសុវត្តិភាព របស់ប្រជាពលរដ្ឋ ដោយបានសំណូមពរឲ្យ កងកម្លាំងទាំង៣ប្រភេទ ចូលរួមសហការ ការពារសុវត្តិភាពកុំអោយមានក្មេងទំនើងបង្ករបញ្ហាក្នុងពិធី រួមទាំងចោរលួច ចោរឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋយើងដែលមកកំសាន្ត ក្នុងពិធបុណ្យឲ្យបាន១០០ភាគរយ និងសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិ របស់ខ្លួនឲ្យបានល្អ ចៀសវាងមានការបាត់បង់។
ដោយ ប៊ុន រដ្ឋា





































