សាំង សារ៉ាវី:
តាកែវ៖ ក្មេងស្រីម្នាក់ត្រូវបានរថយន្តម៉ាក់ហាយលែនឌើបើកបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈកំពុងដើរតាមចិញ្ចើមផ្លូវស្របទិសគ្នា។
ហេតុការណ៏រថយន្តបុកក្មេងស្រីដើរតាមចិញ្ចើមថ្នល់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨.៥៩ ស្ថិតនៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ករណីនេះតាមការឲ្យដឹងពីសមត្ថកិច្ចស្រុកសំរោងប្រាប់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿន នីសា អាយុ៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្ក
ម៉ាកហាយលែនឌើមិនស្គាល់ស្លាក់លេខបើកបរមកពីទិសខាងជើងទៅត្បូង និងបានបើករត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ។ សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលឲ្យកើតករណីនេះ ដោយសាររថយន្តបង្កបើកលឿនហើយបានធ្លាក់ជង្ហុកក៏រេចង្កូតទៅខាងស្តាំដៃបុកក្មេងស្រីដែលកំពុងដើរតាមចិញ្ចើមថ្លល់តែម្តងទៅ។
បច្ចុប្បន្នក្មេងស្រីរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែេវ ចំណែករថយន្តបង្កមិនត្រូវបានសមត្ថកិច្ចតាមរកឃើញនោះទេពេលនេះព្រោះពិបាក់ក្នុងការតាមរកដោយមិនមានអ្នកចាំស្លាកលេខរថយន្ត។




































