បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ទៅបុកចំពាក់កណ្តាលរថយន្ត

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់របួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរពន្ធនាគារភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៧៨។ ខណៈនោះ ស្រាប់តែមានរថយន្ត១គ្រឿង បើកចេញពីយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងទិសដៅពីលិចទៅកើត បើកឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នស្របពេលម៉ូតូ១គ្រឿបើកមកដល់ក៏បុកចំហៀងផ្នែកខាងឆ្វេងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់តែម្តង។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទិន តឿង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែររងរបួសធ្ងន់ដេជាង១០ថ្នេរ មុខរបរជាមន្ត្រីក្រុមប្រឹក្សាស្រុកកូនមុំ ជិះម៉ូតូ១គ្រឿង ម៉ាកវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខ រាជការ 3587 ។ ចំណែក រថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ប្រផេះ អត់មានស្លាកលេខ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខេត្ត ចុះទៅអន្តរាគមន៍ធ្វើការ វាស់វែង និងរឹបអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ។ ដោយឡែក ជនរងគ្រោះ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ៕ យក្ខឡោម