កំពតៈ ប្លែកណាស់ រោងចក្រផលិតស្បែកជើងពូចិនខេមបូឌា Co L t d. ស្ថិតក្នុងស្រុកកំពង់ត្រាច ជារោងចក្រដ៏ធំ និងមានអគារជាច្រើនខ្នង ហើយប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តនេះ សង្ឃឹមថា ពួកគាត់នឹងទទួលបានការងារធ្វើ ក្រែងបានប្រាក់កម្រៃខ្លះដោះស្រាយជីវភាពគ្រួសារ តែផ្ទុយទៅវិញ ពួកគាត់បែរជាខកបំណង ដោយសារតែនាយករដ្ឋបាលរោងចក្រនេះ ជ្រើរើសកម្មករមានលក្ខខណ្ឌដ៏តឹងរឹង ធ្វើឲ្យពួកគ្មានឱកាសបានចូលបម្រើការងារនៅរោងចក្រមួយនេះទេ ព្រោះពួកគាត់រៀនបានតិចតួចចំណែកឯលក្ខខណ្ឌដែលនាយករដ្ឋបាលមួយនេះត្រូវការជ្រើសរើស គឺលុះត្រាតែមានកម្រិតវប្បធម៌ចាប់ពីថ្នាក់ទី១០-១១ឡឡើងទៅ។
ជាមួយគ្នានេះដែរ ពលរដ្ឋបាននិយាយថា បើសិនជាគាត់រៀនបានខ្ពង់ខ្ពស់ នោះពួកគាត់ក៏មិនទៅដាក់ពាក្យបម្រើកាងារដែលមានឈ្មោះជាកម្មករនោះដែរ គាត់នឹងទៅដាក់ពាក្យរកការងារល្អៗ មានប្រាក់ខែខ្ពស់ធ្វើទៅហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋក៏សូមសំណូមពរដល់លោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តកំពត និងមន្រ្តីពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យរឿងនេះផង ព្រោះប្រជាពលរដ្ឋមួយចំនួនតូច មិនបានរៀនសូត្រជ្រៅជ្រះនោះទេ៕





































