កំពង់ធំៈ បុរសពោះម៉ាយបន្ទាប់ពីធ្លាក់ខ្លួនពិការ ភរិយាជាទីស្រឡាញ់ ស្លាប់ចោលយ៉ាងអាណោចអាធ័ម និងបានបន្សល់កូនចំនួន២នាក់ ទុកឲ្យបុរសអភ័ព មើលថែរទាំងខ្លួនពិការជើង រស់នៅយ៉ាងសែនវេទនា មានជីវភាពខ្វះខាត តែចិត្តជាកូនប្រុសបានតស៊ូរកប្រាក់ចិញ្ចឹមកូន២នាក់ ដោយធ្វើជាកម្មករ ដក និងដាំដំឡូងមី ដើម្បីផ្គត់ផ្គង់គ្រួសារ ។
អតីតយុទ្ធជន លោកនាយឯក កែ ភួន ជាបុរសពោះម៉ាយ អាយុ៤៣ឆ្នំា អតីតនៅអង្គភាពវរសេនាតូចលេខ៦នៃយោធាខេត្តកំពង់ធំ ជាន់មីននៅសមរភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧ ពុំមានលទ្ធភាពសាងសង់ជម្រកស្នាក់នៅនោះទេ បច្ចុប្បន្នសុំផ្ទះឳពុករស់នៅរួមជា មួយនឹងកូន២នាក់ គ្មានមុខរបរក្រៅពីដើរស៊ីឈ្នួលគេ បានព្រឹកខ្វះល្ងាច បូករួមនឹងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលផ្តល់ជូន គ្រាន់បានចិញ្ចឹមជីវិតនិងជួយដោះស្រាយឲ្យកូនទាំងពីរនាក់បានរៀនសូត្រ ។
លោកនាយឯក កែ ភួន បានទទួលការយកចិត្តទុកដាក់ដ៏ជិតស្និទ្ធ ពីសំណាក់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានចុះសំណេះសំណាល សិក្សាស្វែងយល់ពី ជីវភាពរស់នៅពិតប្រាកដរបស់ អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងសំណូមពរ រួមសេចក្តីត្រូវការរបស់អតីតយុទ្ធជន នៅល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ ដើម្បីដោះស្រាយចំពោះមុខតាមលទ្ធភាព រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា ដើម្បី ឆ្លើយតបនិងភាពខ្វះខាត និងជាការចាំបាច់ណាស់ដែលត្រូវនាំយកអំណោយមកចែកជូនអតីតយុទ្ធជន ដែលកំពុងតែស្រែកឃ្លាន ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ ដាច់ពោះស្លាប់ដោយមិនបានដឹងលឺនោះទេ ដោយបានគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តាំផ្ញើរនិងណែនាំថា ជួបមួយគ្រួសារត្រូវចែកមួយគ្រួសារ ជួប២គ្រួសារត្រូវជូន២ គ្រួសារ ចំពោះអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលខ្វះខាតពិតៗ ដោយមិនចាំបាច់រងចាំគៀរគងឲ្យបានច្រើននោះទេ ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួយឧបត្ថម្ភជូនគាត់នូវអង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន៥០.០០០៛ ។
ដោយ ប៊ុន រដ្ឋា




































