ព្រះវិហារៈ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង១៣.៣០នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ពីបទចែកចាយ សារធាតុញៀន ស្ថិតនៅចំណុចភូមិវាលធំ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដក់ហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ក្នុងនោះមានធំ២កញ្ចប់ 
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថាដោយមាន ការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះ កម្លាំងកងអាវុធហត្ថស្រុកជាំក្សាន្តចំនួន៩នាក់ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ក្រោមកាសម្របសម្រួលពីលោក សេ្រង ម៉េងស៊្រុន ព្រះរាជអជ្ញារងសាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ទៅបង្ក្រាបបានមុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀនបានចំនួន៣នាក់ និងធ្វេីការឆែកឆេលំនៅដ្ឋាន ដក់ហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ាទឹកកក)
ចំនួន២៣កញ្ចប់ ក្នុងនោះធំ២កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនរួមមាន÷ លុយខ្មែរចំនួន២៤៦០០០៛ ទូរសព្ទដៃ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ម៉ូតូ២គ្រឿង រួមទាំងសម្ភារៈវិចខ្ចប់មួយចំនួន ។
លោកអនុសេនីយ៍ឯកបន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានទី១ឈ្មោះ សាង បុទុម ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ទី២ឈ្មោះ ជៀម ចិត្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកត និងទី៣ឈ្មោះ សួ រស្មី ភេទប្រុស អាយុ២៥ មុខរបរមិនពិតប្រាកត អ្នកទាំង៣រស់នៅភូមិ ឃុំ កេីតហេតុខាងលេី ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់អោយដឹងផងដែរថា បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងរាបចំកសាងសំុនុំ រឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់ ៕ អត្ថបទសួនលីណា





































