កាកបាទក្រហមកម្ពុជានាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៤៥៧ដែលរស់នៅក្នុងផ្ទៃ​បឹងទន្លេសាប

0

កំពង់ធំៈ ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៤៥៧ ដែលកំពុងតែរស់នៅ ក្នុងបឹងទន្លេសាប នៅលើផ្ទះបណ្តែតទឹក  ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា ដែលកំពុងតែ ជួបប្រទះនូវការខ្វះខាត ទើបមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តកំពង់ធំ នាំយកអំណោយទៅចែកជូន វត្តពៅវើយ និងភូមិពាមបាង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៤៥៧គ្រួសារ និងបានថ្លែងថា នេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។

ឯកឧត្តមបញ្ជាក់ថា «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។ ក្នុងនោះឯកឧត្តមបាន ពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីគោលបំណងកំណែទម្រង់ស៊ីជម្រៅវិស័យជលផល និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ឲ្យយល់កាន់តែច្បាស់ពីយុទ្ធនាការនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឲ្យលុបបំបាត់ការប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ ឆក់ក្ដៅ យាំងកាវ ឈិបរុញដោយប្រើកំលាំងម៉ាស៊ីន អួនអូស និងលូស្បៃមុង ដែលឧបករណ៍បង្កគ្រោះថ្នាក់ដល់ធនធានជលផល។ ម្យ៉ាងវិញទៀត ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចេះស្រឡាញ់ធនធានធម្មជាតិ រួមគ្នាគោរពច្បាប់ លុបបំបាត់បទល្មើសនេសាទ។ ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ បើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងពិធីចែកអំណោយនេះដែរ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០kg ត្រី ខ ១យួរ មី ១កេស និងឃីដ ១កញ្ចប់។

ដោយ  ប៊ុន  រដ្ឋា