កំពង់ធំៈ ទីណាមានអតីតយុទ្ធជនជួបការលំបាក ទីនោះមានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះជួយ រាល់ដំណោះស្រាយ ដើម្បីឲ្យក្រុមគ្រួសារអតីតយុទ្ធជនមានជីវភាព និងការស្នាក់នៅក្នុងជម្រក ដ៏សមរម្យ ដោយមិនទុកអោយអតីតយុទ្ធជនរូបណា រងទុក្ឋវេទនា ដោយគ្មានការអើពើពីសំណាក់សមាគមស្រុក ខេត្តនោះឡើយ។
ជាក់ស្តែងផ្ទះឈើមួយខ្នង ដែលបានសាងសង់រួចរាល់ ប្រកស័ង្ខសី មានទំហំ ៤គុណនឹង៦ ត្រូវបាន សាងសង់រួចរាល់ តាមរយះ ឯកឧត្តមនាយឧត្តសេនីយគន់គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិមិន្ទ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាខ្នងផ្ទះទី៤៨ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន ប្រគល់ជូនអតីតយុទ្ធជនឈ្មោះអ៊ឹម អាន និងភរិយាដើម្បីជាជម្រកស្នាក់នៅ។
លោក អ៊ឹម អាន ជាអតីតយុទ្ធជន អាយុ៤៦ឆ្នំា រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះ ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៦.៣៧០.០០០៛ ក្នុងឱកាសសំណេះសំណាលនិងប្រគល់ផ្ទះថ្មីនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានជួយឧបត្ថម្ភជូនបន្ថែមទៀតនូវអង្ករចំនួន៥០ ក្រាម មីយើង៣កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ ត្រីខកំប៉ុងពីរយួរ ប្រេងឆាមួយដប និងថវិកាចំនួន៣៥០.០០០៛ នៅព្រឹកថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគអតីតយុទ្ធជនខេត្ត បានធ្វើការណែនាំផ្តាំផ្ញើរ ដល់គ្រួសារអតីតយុទ្ធជន អោយចេះថែរក្សាទ្រព្យសម្បត្តិដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែគិតគូរ ព្រោះទុក្ខសោករបស់អតីតយុទ្ធជន ជាទុក្ខសោករបស់សម្តេច ដែល តែងតែប្រាថ្នាចង់អោយក្រុមគ្រួសារអតីតយុទ្ធជនគ្រប់រូបរស់នៅបានសេចក្តីសុខ ដោយសារតែអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់លើប្រទេសជាតិ បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះ ដូច្នេះនេះជាការយកចិត្តទុកដាក់សំខាន់បំផុត នៅក្នុងខេត្តកំពង់ធំនេះ គឺសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ជាប្រធានសមាគម បានផ្តល់ផ្ទះជូនអតីតយុទ្ធជន ចំនួន៤៨ខ្នងផ្ទះហើយ នៅក្នុងស្រុកបារាយណ៍ ទទួលបាន១១ខ្នងផ្ទះ សម្រាប់ការផ្តល់ជូនអតីតយុទ្ធជនក្នុងស្រុកបារាយ៍។
ដោយ ប៊ុន រដ្ឋា





































