សមត្ថកិច្ចស្រុកសំរោងចុះបង្ក្រាបក្រុមប្រើប្រាស់ និងជួញថ្នាំគ្រឿងញៀនបានបួននាក់បន្ថែមទៀត

0

តាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងបាន ធ្វើការបង្ក្រាបករណីជួញដូរ និងប្រាស់គ្រឿងញៀន ខុសច្បាប់០១ករណីព្រមទាំង ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត។
លោកវរសេនីយ៍ទោ មឿង សារុន អធិការដ្ឋាននគរបាលស្រុកសំរោង បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្ត នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំរះពេន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។លោកអធិការបន្តថា ជនសង្ស័យខាងលើមានទី១-ឈ្មោះ សាន កាត់ថា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ជាអ្នកផ្តល់ទីតាំង និងចែកចាយ។ទី២-ឈ្មោះ ឆន ភារៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ជាអ្នកចែកចាយ និងប្រើប្រាស់។ ទី៣-ឈ្មោះ អាំ សុភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង​ ជាអ្នកចែកចាយ និងប្រើប្រាស់។ ទី០៤ឈ្មោះ ប៉ូវ សាខន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរបត់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ជាអ្នកប្រើប្រាស់។ ចំណែកជនសង្ស័យឈ្មោះ ផេង សំបូរ ជាប្តីរបស់ឈ្មោះ សាន កាត់ថា ដែលជាម្ចាស់ផ្ទះកើតហេតុ បានរត់គេចខ្លួនពេលសមត្ដកិច្ចចុះបង្ក្រាប ។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចស្រុកសំរោងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី ៕  ដោយ សាំង សារ៉ាវី