កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ សង្កត់ធ្ងន់ទៅលើបញ្ហាសំរាម នៅក្នុងក្រុងស្ទឹងសែន ដែលកំពុងតែត្រូវបានក្រុមអជីវករ ចាក់សំរាមបិទផ្លូវមួយខ្សែនៅក្រោយផ្សារកំពង់ធំ ចាប់ពីរូបសំណាក់ព្រហ្មមុខបួន រហូតជិតដល់មន្ទីរសូរិយោដីខេត្ត ដែលមានពុំមានចំណាត់ការពី មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានបណ្តែតបណ្តោយឲ្យមានការចាក់សំរាម ដើម្បីរឹបអូសយកផ្លូវមកលក់ទំនិញរបស់អជីវករទៅវិញ។
ក្នុងនោះឯកត្តម បានបញ្ជាក់ការងារសំខាន់ៗ ដែលអាជ្ញាធរស្រុក ក្រុង ត្រូវតែយកចិត្តទុកដាក់ និងមានវិធានការឲ្យបានល្អ ទី១ បញ្ហាបរិស្ថាន និង សំរាម ទី២ សុវត្តិភាពភូមិ ឃុំ មានសុវត្តិភាព ទី៣ សណ្តាប់ធ្នាប់ចរាចរណ៍ ទី៤ បញ្ហាដីជម្រកសត្វខ្សឹប ទី៥ ការធ្វើសៀវភៅគ្រួសារ និងអត្តសញាណប័ណ្ណ ទី៦ បញ្ហាការរុករានព្រៃឈើ និងព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន និងជលផល ទី៧ អគ្គីសនីដែលកុងទ័រដើរលឿន ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ ។
កិច្ចប្រជុំកែសម្រួលបច្ចេកទេស របស់ជំនាញនិង អាជ្ញាធរ ដែលតម្រូវអោយអនុវត្តតាមស្រុក ក្រុង ត្រូវបានចូលរួមដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ជាអធិបតីភភាព និងមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងករិយាល័យតាមបណ្តាស្រុកក្រុង ចូលរួមពិភាគក្សារកចំនុចខ្លាំង និងចំនុចខ្សោយដើម្បីចាត់វិធានការកែសម្រួល ដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួន។
បន្ទាប់ពីមានការឆ្លើយ សំនួរ ចម្លើយពាក់ព័ន្ឋនឹងបញ្ហានីមួយៗដែលបានកើតឡើងនៅក្នុងភូមិសាស្រ្ត មូលដ្ឋានរបស់ខ្លួន ឯកឧត្តម បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់ របស់មន្រ្តី សមត្ថកិច្ចជំនាញ ក្នុងការចូលរួមកែលំអរសោភ័ពភាព នៅតាមបណ្តាស្រុក ក្រុង និងសំណូមពរឲ្យមន្រ្តីជំនាញទាំងអស់អនុវត្ត និងដោះស្រាយឲ្យបានទាន់ពេលវេលា នៅចំនុចបញ្ហានានា ដែលប្រឈម។
ដោយ ប៊ុន រដ្ឋា





































