ប្រហិតខូចគុណភាពជាង៥៥គីឡូក្រាមត្រូវបានកាំកុងត្រូលខេត្តកំពង់ធំរឹបអូសបាននៅផ្សារក្រវ៉ា

0

កំពង់ធំៈ បច្ចុប្បន្នបញ្ហាសុខភាពត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋា មកលើការស់​នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្រុក ក្រុង និងខេត្ត ធ្វើឲ្យមានការចុះត្រួតពិនិត្យយ៉ាងមមាញឹក ពីសំណាក់មន្រ្តីជំនាញកាំកុងត្រូល ដើម្បីត្រួតពិនិត្យលើទំនិញ និងម្ហូបអាហារ ដែលកំពុងតែចរាចរណ៍ នៅ​លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្តែងសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម នៅតួនាទីភារកិច្ច ចុះឆែកទំនិញក្នុង ទីផ្សារនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីស្វែងរកទំនិញខូចគុណភាព ទំនិញហួសសុពលភាព និងទំនិញ ដែលត្រូវបានហាមឃាត់ រួមទាំងសាធាតុហាមឃាត់ដែលក្រុមអជីវករប្រើប្រាស់លាយជាមួយម្ហូបអាហារ  ដែលបានដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយនឹង មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ នៅទីតាំងផ្សារក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លទ្ធផលដែលសម្រេចបានក្នុងការចុះពិនិត្យ សមត្ថកិច្ចជំនាញកាំកុងត្រូល ខេត្តកំពង់ធំ បានរកឃើញ ប្រ​ហិត​ខូចគុណភាពជាង៥៥គីឡូក្រាមនិងផលិតផលខូចគុណភាពមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧ វត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកនៅទីតាំងមានសុវត្តិភាព ដើម្បីទុកកំទេចចោល។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល បានមានប្រសាសន៍ថា ដោយមានការព្រួយបារម្ភណ៍ ដល់​ប្រជា​ពលរដ្ឋ ដែលជាអ្នកបរិភោគ ចំណី អាហារ និងផលិត​ផលនានា ដែលកំពុងតែលក់នៅក្នុងទីផ្សារ  ក្នុង​នោះក៏មានទំនិញប្រភេទខ្លះខូចគុណភាព និងហួសសុពលភាព រួមទាំងសារធាតុហាមឃាត់ ដែលតែងតែ ប្រើប្រាស់នៅក្នុងទីផ្សារ ដើម្បីទប់ស្កាត់ការលក់ជូនអ្នកបរិភោគ ក្នុងនោះលោក លៀងសុភា ប្រធានសាខា​កាំកុងត្រូល បានធ្វើការណែនាំដល់ម្ចាស់អជីវកម្ម ឲ្យពួកគាត់ បិទស្ពិកឃ័រ និងអោយចេះពីនិត្យមើលការបរិច្ឆេត ការរៀបចំទុកដាក់ឲ្យមានសុវត្តិភាព អនាម័យ រួមទាំងការសម្គាល់ផលិតផលក្លែងក្លាយ។

ដោយ  ប៊ុន  រដ្ឋា