pai Len:
ត្បូងឃ្មុំ: អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ បានកើតឡើងលើក្រុមគ្រួសារមួយ បណ្ដាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះរបស់ខ្លួន ដោយគ្មានអ្នកណាម្នាក់បានដឹង ដែលហេតុការណ៍នេះបានកើតមានឡើង កាលពីយប់ ថ្ងៃទី២០ ហើយរហូតដល់ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ទើបមានគេប្រទះឃើញសាកសព បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិទី៥ ឃុំ រកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ គឹម សេងគាង អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ហួច ពៅ អាយុ៤៥ឆ្នាំ មុខរបរលក់ខោអាវជជុះ នៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អធិការនគរបាលស្រុកក្រូចឆ្មារ លោកសាំង ហេង បានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែតុលា នេះ ឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតមានឡើងកាលពីប្រមាណជាម៉ោង៨យប់ ថ្ងៃទី២០ ខែតុលា ដោយមានអ្នកជិតខាងបានឮសំឡេងស្រែកដែរ តែគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះស្មានថា រឿងប្តីប្រពន្ធឈ្លោះ
ប្រកែកគ្នាជាធម្មតា ហើយរហូតដល់ម៉ោងជាង១០ព្រឹកដោយបាត់មិនឃើញជនរងគ្រោះ ទៅលក់ខោអាវជជុះនៅផ្សារ ទើបប្អូនថ្លៃបានតាមរកដល់ផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដេកស្លាប់ដោយមានឈាមហូរស្រោចពេញផ្ទះតែម្ដង។
លោកអធិការបានបន្តទៀតថា បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ករណីនេះ ក្រុមជនដៃដល់អាចប្រដាប់ដោយកាំបិត កាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តី ប្រពន្ធ តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការសើបអង្កេតស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយ ៕




































