កំពង់ធំៈ ទឹកភ្នែកស្តី្រមេម៉ាយ ដែលជាភរិយារបស់អតីតយុទ្ធជនពលី រស់នៅក្នុងជីវភាពត្រដាបត្រដួស បានព្រឹកខ្វះល្ងាច ពុំមានលទ្ធភាពសាងទ្រនំស្តុកស្តមនឹងគេ តែរស់នៅក្នុងដំបូលផ្ទះប្រកស្លឹកធ្លុះធ្លាយ ក្រោយពីស្វាមីបានមរណៈភាព បានបន្សល់កូនស្រីម្នាក់ ក្រោយមកកូនស្រីក្លាយជាស្រ្តីមេម៉ាយ មានកូនម្នាក់ទៀត ដែលជាបន្ទុកម្តាយដែលមានជីវភាពក្រលំបាក។
ដោយមានការអាណិតអាសូ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៅល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០១៧ ចុះសួរសុខទុក្ខប្អូនស្រី ឈឹម ទីអាយុ៤៨ ឆ្នំា ជាភរិយាអតីតយុទ្ឋជនពលី ឈ្មោះអាំង វៀត នៅអង្ភភាពវរសេនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ដែលរស់នៅភូមិឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ លោក អាំង វៀត ចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩០ ហើយបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធនៅតំបន់អូរអង្គរ ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ នាសម័យសង្គ្រាមនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ១៩៩៨ ។ 
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួយឧបត្ថម្ភជូន នូវអង្ករចំនួន៥០គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ ថវិកាចំនួន៨០.០០០៛ និងបានសន្យាដោះស្រាយស័ង្កសី ចំនួន២០សន្លឹកដើម្បីជួសជុលដំបូលធ្លុះធ្លាយ ហើយលោកប្រធានប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយ សន្យាជួសជុលជណ្ដើរជូនគាត់ផងដែរ ។
ប្អូនស្រី ឈឹម ទី បាននិយាយទាំងអារម្មណ៍ក្តុកក្តួល រួមទាំងទឹកភ្នែកស្រក់ចុះបណ្តើរ ខំរៀបរាបបណ្តើរ ក្នុង ថ្ងៃដែលស្វាមីជាទីស្រឡាញ់ បានឃ្លាតចាកឆ្ងាយដោយមិនវិលវិញ ខណៈពេលដែលដណ្ហើមចុងក្រោយនៅ លើដៃដែលកំពុងតែបីត្រកង ប្រកបដោយឈាមស្នាមរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរមន្ទីរពេទ្យខេត្តកំពង់ធំ តែអនិច្ចារ្យស្វាមីបានដាច់ខ្យល់ស្លាប់ទៅហើយ ក្នុងប្អូនស្រីបានថ្លែងអំណរគុណ និងជូនពរដល់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភជួយដល់ជីវិតរបស់គាត់ ដោយកន្លងមកពុំនឹកស្មានថា មានថ្ងៃនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ថា គ្រប់អតីតយុទ្ធជនកម្ពុជា គឺត្រូវបានប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដឹកនាំសន្តិភាពនៅកម្ពុជា និងជា ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា បានយកចិត្តទុកដាក់បំផុត ចំពោះអតីតយុទ្ធជន និងគ្រសារអតីតយុទ្ធជន ពលីនាសម័យសង្គ្រាម ដែលជាការតបស្នងសងគុណ ចំពោះវរីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន គ្រប់រូប ។
ដោយ ប៊ុន រដ្ឋា




































