រតនគីរីៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចក្បែរពន្ធនាគារខេត្ត ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយមានសភាពស្រវឹងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បើករេចង្កូតពេញផ្លូវក៏បុករ៉ឺម៉កម៉ូតូ១គ្រឿងខណ:បើកពីលិចទៅកើតយ៉ាងពេញទំហឹងតែម្តង។
មន្ត្រីនគរបាលចរាចរខេត្តបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកទីកូ ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ2Q-3418 អ្នកបើកបរដោយឈ្មោះ ឈឿន សាវី ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល។ អ្នករួមដំណើរ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ធ្ងរ។
ចំណែកអ្នកបើកបររ៉ឺម៉កម៉ូតូឈ្មោះ ហៀង ភេទប្រុស រងរបួសធ្ងន់។ អ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរងរបួសធ្ងន់។ត្រូវបានរថយន្តសាមុយរបស់ចរាចរស្នងការដ្ឋាននគរបាលខេត្តដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ក្រោយកើតហេតុនគរបាលចរាចរចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរខេត្តដើម្បីរងចាំធ្វើការដោះស្រាយជាក្រោយ។ ដោយ យក្ខឡោម




































