ខេត្តកំពតៈ នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) សាខាខេត្តកំពត បានបើកធ្វើអង្គសន្និសិទCUS២០១៧ ស្ដីពី ប្រធានបទ”ឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ”។
អង្គសន្និសិទនេះបានប្រព្រឹត្តទៅ រយៈពេលមួយព្រឹក ក្រោមអធិបតីភាពឯ.ឧបណ្ឌិត ស្ដើង សុខុមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពជា (CUS) និងមានវាគ្មិនជាបណ្ឌិត សាស្ត្រាចារ្យ សរុបចំនួន៤រូប បានចូលរួមធ្វើបទឧទ្ទេសនាម ជូនដល់និស្សិតចូលរួមស្ដាប់ប្រមាណ៣០០នាក់។
ពាក់ព័ន្ធនឹងខ្លឹមសារឧទ្ទេសនាមរបស់វាគ្មិន ក្នុងនោះមានទី១-(គន្លឹះក្នុងការជ្រើសរើសឯកទេសនៅថ្នាក់ឧត្តមសិក្សា)ដោយលោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរងសាកលវិទ្យាល័យ CUS ទី២-(អំពីអម្រឹត និងឱកាសការងារ) ដោយលោក មាស ប៊ុន ធឿននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាខាខេត្តកំពត ទី៣- (សមត្ថភាពវិជ្ជាជីវៈនៅថ្នាក់ឧត្តមសិក្សា) ដោយឯកឧត្តម បណ្ឌិត កែវ ជា ទីប្រឹក្សាអាជ្ញាធរសវនកម្មជាតិ និងជាសាកលវិទ្យាធិការរងCUS និងទី៤-(បទពិសោធន៍ជោគជ័យក្នុងការសិក្សានិងការងារ) ដោយឯកឧត្តមបណ្ឌិត មាស បូរ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាសាកលវិទ្យាធិការរងCUS។ 
ឯ.ឧ បណ្ឌិត ស្ដើង សុខុមបានគូសបញ្ជាក់ថា៖ស្របទៅនឹងបរិបទថ្មីមួយដែលឆ្លើយតប ទៅនិងពិភពលោកនៃការប្រកួតប្រជែងជាសាកល។ ជាពិសេសក្នងយុគសម័យពត៌មានវិទ្យា និងសេដ្ឋកិច្ច ចំណេះដឹងគឺជាការចាំបាច់ណាស់ត្រូវ អភិវឌ្ឍន៍ខ្លួនយើងអោយកាន់តែមានសមត្ថភាពខ្ពស់។ ហេតុនេះហើយ ដើម្បីការធានាគុណភាពសមត្ថភាពចំណេះដឹងជំនាញ របស់បុគ្គលមួយ កើតចេញជារូបរាងឡើង គឺដំបូងបំផុតត្រូវមានគំនិតជាមុនសិន ថាតើយើងចង់បានអ្វី ចង់ធ្វើអ្វី មានបំណងបែបណាចំពោះការសិក្សា ដើម្បីប្រែក្លាយជាបុគ្គលដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់និងទទួលបានជោគជ័យ។
ឯ.ឧបណ្ឌិត ស្ដើង សុខុម ក៏បានបន្តទៀតថា៖ ដោយមើលឃើញពីសារប្រយោជន៍នេះហើយ ទើបសាកលវិទ្យាល័យCUS បានអញ្ជើញវាគ្មិន និងអ្នកទទួលបានជោគជ័យក្នុងការសិក្សាជាច្រើនរូប បើកធ្វើអង្គសន្និសិទរួមគ្នាស្ដីពីប្រធានបទឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ ។ ក្នុងគោលបំណងផ្ដល់ជូនបន្ថែមដល់និស្សិត ដែលកំពុងសិក្សា ដើម្បីទទួលបានបទពិសោធន៍ល្អៗពីវាគ្មិន ដើម្បីលាតត្រដាងចែករំលែករៀងៗខ្លួនដែលវាគ្មិនធ្លាប់ឆ្លងកាត់ ជូនដល់និស្សិតសម្រាប់ជួយអោយកំណត់បានគោលដៅជាក់លាក់ យុទ្ធសាស្ត្រ និងយុទ្ធវិធីសិក្សា ដែលត្រូវអនុវត្តដើម្បីធ្វើ អោយសម្រេចបាននូវគោលបំណងឬសុបិន្តដើមរបស់យើង
ម្នាក់ៗ។ ពោលគឺមានឧត្តមភាពប្រៀបធៀបលើអ្នកដ៏ទៃដែលជាមូលដ្ឋានប្រជែងឈ្នះទទួលបានជោគជ័យក្នុងការងារនិងមុខរបរ។ 
-សូមបញ្ជាក់ថា CUS ដែលជាសាកលវិទ្យាល័យឈានមុខលើការបណ្ដុះបណ្ដាលនៅកម្ពុជា តែងតែបានកៀងគរអ្នកជោគជ័យក្នុងការសិក្សានិងមុខរបរធ្វើបទបង្ហាញលើជំនាញបទពិសោធន៍ល្អៗ ដើម្បីផ្ដល់នូវបំណិនជីវិត និងចំណេះដឹងដល់និស្សិតពីលើអ្វីដែលសិក្សាស្រាវជ្រាវនៅក្នុងថ្នាក់ក្នុងគោលបំណងសម្រេចអោយបានទាំងអស់គ្នាដើម្បីគុណភាព គុណភាព ដើម្បីទាំងអស់គ្នា។
ក្នុងឱកាសនោះនិស្សិតទាំង៣០០នាក់ដែលបានចូលរួមក្នុងអង្គសន្នសិទនេះក៏បានទទួលលិខិតបញ្ជាក់ពីគណៈអធិបតីផងដែរ។





































