ខេត្តកំពង់ធំ៖ ឆ្លៀតឳកាសនៃពិធីផ្សព្វផ្សាយស្តីពីការការពារ បង្ករទប់ស្កាត់ជំងឺគ្រុនចាញ់ ឯកឧត្តម សោម ស៊ុន បានថ្លែងនូវសភាពការថ្មីៗ ស្តីពីការចាប់ខ្លួន និងត្រៀមកាត់ទោស លោក គឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ និងឈានទៅ ការរំលាយគណបក្សសង្រ្គោះជាតិ ដែលមេដឹកនាំរូបនេះបានឃុបឃិតជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ឆន្ទះរាស្រ្ត គោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ពួកគេបានញុះញ៉ុងឲ្យមានការធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសដែលនឹង ឈានដល់ការផ្ទំហឹង្សា បង្ហូរឈាមធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងសង្រ្គាម មានវិនាសកម្ម អន្តរាយប្រទេសមួយចំនួន លើ ពិភពលោក ហើយនៅពេលថ្មីៗនេះក៏មានការបង្ហោះឃ្លីបវីដេអូ មួយថ្មីទៀត ជាសកម្មភាពឲ្យមានការញុះញ៉ុង ឲ្យមាន ចលនាប្រឆាំងមកលើរាជរដ្ឋាភិបាល ពីសំណាក់លោក សម រង្សី ។
នៅក្នុងពិធីផ្សព្វផ្សាយស្តីពីការការពារ បង្ករទប់ស្កាត់ជំងឺគ្រុនចាញ់ បានឲ្យយោធិនចូលរួម បង្ករការពារ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺគ្រុនចាញ់ នៅក្នុងកងទ័ពក៏ដូចជា សហគមន៍ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៧ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយ ឯកទេសសុខភិបាល បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកវគ្គផ្សព្វផ្សាយស្តីពីការការពារ បង្ករទប់ស្កាត់ជំងឺគ្រុនចាញ់ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ដែលមានយោធិននិងក្រុមគ្រួសារ ចូលរួមចំនួន១៤៥នាក់ ចូលរួមស្តាប់ ពិធីបើកវគ្គផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីថា នេះជាការរំលលឹកបន្ថែនដល់យោធិន យើង និងក្រុមគ្រួសារឲ្យបានយល់ដឹង ពីផលប៉ះពាល់អាយុជីវិត និងសុខភាព ដែលបណ្តាលមកពីជម្ងឺគ្រុនចាញ់ ដែលជម្ងឺនេះ បានឆ្លងទៅកាន់មនុស្សយើងតាមរយះមូលដែកគោលញី និងប្រភពចម្លងរបស់វានៅតាមតំបន់ព្រៃភ្នំ ជាកន្លែង សំបូរមូលដែកគោល បានចម្លងទៅលើអ្នកដែលប្រកបមុខរបប ឬកន្លែងរស់នៅទីនោះ តាមការស្រាវជ្រាវនឹងវាយតំម្លៃ របស់អង្គការសុខភាពពិភពលោក មេរោគគ្រុនចាញ់កំពុងមាននៅរាយប៉ាយ ពេញពិភពលោក វាបានឆក់យកអាយុជីវិតមនុស្សអស់ជាច្រើននាក់ មនុស្សមួយចំនួនត្រូវបាន សុខភាពចុះទ្រុឌទ្រោម បន្ទាប់ពីមេរោគគ្រុនចាញ់នេះ បានយាយី ដែលបញ្ហានេះ ត្រូវអោយយោធិនយើង និងក្រុមគ្រួសារយកចិត្តទុកដាក់ បង្កើនការយល់ដឹង ពីផលប៉ះពាលនេះ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងនិងជម្ងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៦ ដែលសារនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងចូលរួមជាមួយពិភពលោក ប្រយុទ្ធប្រឆាំង និងជម្ងឺគ្រុនចាញ់ ដែលទិវានោះប្រព្រឹត្តទៅក្រោមវិធានបទ ( បញ្ចប់ជម្ងឺគ្រុនចាញអភិវឌ្ឍន៍សហគមន៍ ) ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរ ឲ្យគ្រប់យោធិនទាំងអស់ និងក្រុមគ្រួសារ មិនត្រូវចាញឃោសនា បំភ្លៃសភាពការពិត របស់ក្រុមអគតិ ដែលប៉ុនប៉ងបង្វែសភាពការ កម្ពុជា ឲ្យចូលទៅកាន់ ភាពវឹកវ បែកបាក់ជាតិដូចអតីតកាលកន្លងមក និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់ បទបញ្ជាថ្នាក់លើ ដើម្បីចូលរួមបន្តការពារសន្តិភាព ប្រទេសជាតិ ឲ្យបានស្ថិតស្ថេរគង់វង់ ដោយមិនឲ្យមានពួកប្រតិកិរិយា ទាំងឡាយណាមកបំភ្លេចបំផ្លាញបានឡើយ ។
ដោយ ប៊ុន រដ្ឋា 




































