លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម ប្រគល់ថវិកា ១២លានរៀល ជូនគ្រួសារនៃសពជាមន្ត្រីមន្ទីរកសិកម្ម ២គ្រួសារ

0

កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្ងៃនេះលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បាននាំយកនូវថវិកាចំនួន ១២លានរៀល ដែលជាថវិការបស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ទៅប្រប្រគល់ជូនគ្រួសារនៃសព ចំនួន ២គ្រួសារ ដែលស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពផងដែរ ។

លោក ធីវ វណ្ណធីរ បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារលោក ឈី ប៊ុនឈង អតីតមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ រស់នៅភូមិពាមគ្រែង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងគ្រួសារលោក សៅ សុខុល អតីតមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកបានឲ្យដឹងថា ការបាត់បង់មន្ត្រីខាងលើ គឺជាការបាត់បង់អតីតមន្ត្រីសកម្មរបស់មន្ទីរ ដែលបានលះបង់កម្លំាងកាយចិត្ត ខិតខំបំពេញការងារជូនរដ្ឋដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតាដែលជាអ្នកមានគុណជាទីគោរព និងស្រឡាញ់ផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខ្ញុំសូមសម្តែងនូវសមានចិត្តដ៏សែនក្តុកក្តួលសោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខ័ន្ធរបស់លោក ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារសពទំាងពីរ បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយយកចិត្តទុកដាក់រាល់ការទុក្ខលំបាក់របស់មន្ត្រីក្រោមឱវាទ។