កំពង់ធំៈ យុវជនស្ម័គ្រចិត្តចូលបំរើក្នុងជួរកងទ័ព នៃកងយោធពលខេមរភូមិន្ទ យុវជនចំនួន៥០នាក់ ត្រូវបានយក ចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញ សំណេះសំណាលផ្តាំផ្ញើរដល់យុវជនស្ម័គ្រចិត្ត មុនពេលទៅត្រួតពិនិត្យលក្ខណៈ សម្បត្តិផ្នែកសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។
ពីធីជួបសំណេះសំណាល រវាងថ្នាក់ដឹកនាំរបស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាមួយក្មួយៗយុវជនស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ នៅទិសយោធភូមិភាគទី១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជាទំពាំងស្នងឬស្សី បន្តវេនពីរៀមច្បងក្នុងការបំរើជាតិមាតុភូមិ និងដឹកនាំប្រទេសជាតិ ត្រូវបានធ្វើឡើង នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំនៅព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងអំណរគុណក្មួយៗ ដែលមាឆន្ទៈ ស្នេហាជាតិ ក្នុងការស្ម័គ្រចិត្តចូលរួមបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ក្មួយៗជាទំពាំងស្នងឬស្សី បន្តវេនពីអុំៗពូៗ និងសុំជូនពរក្មួយៗ ពិនិត្យលក្ខណៈសម្បត្តិសុខភាព មានសុខភាពល្អ កាយសម្បទារឹងមាំ ជាប់ឈ្មោះជាកងយោធពលខេមរភូមិន្ទ នៅពេលខាមុខនេះ ដើម្បីរួមសាមគ្គីគ្នា កសាងជាតិមាតុភូមិ និងរួមគ្នាការពារទប់ស្កាត់ មិនឲ្យសង្រ្គាមវិលមកវិញជាដាច់ខាត ការពារសន្តិភាពជូនប្រទេសជាតិ ក្រោមការដឹកនាំរបស់ ប្រមុសរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ យុវជនស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលបានមកដាក់ពាក្យនៅខេត្តកំពង់ធំ មានចំនួន៤២០ នាក់ ហើយនឹងបន្តការត្រួតពិនិត្យលក្ខណៈសម្បត្តិផ្នែកសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នេះជាជំហ៊ានទី១ ។
ដោយ ប៊ុន រដ្ឋា





































