ស្នងការនគរបាលខេត្តតាកែវក្រើនរំលឹកដល់នគរបាលការពារព្រំដែន៦០៣ត្រូវមានការទទួលខុសត្រូវខ្ពស់លើស្មារតីការពារនៅតាមបន្ទាត់ព្រំដែនពិសេសត្រូវគោរពអោយបានលើបទបញ្ជារបស់ថ្នាក់ដឹកនាំ

0

តាកែវ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនិងចែកអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកំលាំងនគរបាលវរៈការពារព្រំដែនលេខ៦០៣ នៅរសៀលថ្ងៃទី ២៨ តុលា ២០១៧ នេះឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានក្រើនរំលឹកដល់មេបញ្ជាការវរៈការពារព្រំដែននិងកងកំលាំងត្រូវពង្រឹងលើការគោរពវិន័យ និងស្តាប់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ លើកិច្ចការសហប្រតិបត្តិការជាមួយនិងភាគីមិត្តដែលជាប្រទេសជិតខាងលើការងារបោះបង្គោលព្រំដែន ជាពិសេសកងកំលាំងការពារវរៈព្រំដែននេះត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់លើការការពារ ទឹកដី ត្រូវតែមានមុខប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមជានិច្ច លើកិច្ចការការពារសុវត្តិភាព ភូមិឃុំ ជូនដល់ប្រជាពលរដ្ឋ ។
ក្នុងនោះឯកឧត្តម សុខ សំណាង ស្នងការនគរបាលខេត្តបានមានប្រសាសន៏ដោយសង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំងត្រូវប្រកាន់ខ្ជាប់ជានិច្ចនៅវិន័យអោយបានតឹងរឹង និងសេចក្តីថ្លៃថ្នូរ ដូច្នេះមន្ត្រីនគរបាលដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែការពាររាជរដ្ឋាភិបាលដែលកើតចេញឡើងពីការបោះឆ្នោតគាំទ្រដោយប្រជារាស្ត្រស្របច្បាប់ដោយឥតលក្ខ័ណ្ឌ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលវរៈការពារព្រំដែន ឯកឧត្តមស្នងការបានធ្វើការចែកអាវរងាដែលជាអោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់មន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៦០៣ ដែលឈរជើងការពារនៅតាមបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ខេត្តតាកែវ និងខេត្តអាងយ៉ាង ចំនួន ៣០០អាវ រួមជាមួយនិងមួកការពារសុវត្តិភាព ៣០០មួកផងដែរ ។ តាកែវ