តាកែវៈសាកសពស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកស្ទូចត្រីប្រទះឃើញហើមអណ្តែតទឹកបង្ករការភ្ញាក់ផ្អើលនៅចំណុចស្ពានសាលានយោបាយទល់មុខផ្ទះសំណាក់វឌ្ឍនៈភាព ស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី ។ 
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថាសាកសពជនរងគ្រោះមានឈ្មោះគង់ អេង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងស្លា ឃុំសម្លាញ ស្រុកអង្គរជ័យ ខេត្តកំពតដោយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ គាត់ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលជំងឺទាចទឹកនៅមន្ទីពេទ្យបង្អែកខេត្តតាកែវហើយគាត់បានដើរចេញទៅខាងក្រៅមន្ទីពេទ្យទើបបាត់ខ្លួនរហូត ក្រោយមកក្រុមគ្រួសារមកប្ដឹងសមត្ថកិច្ចអោយជួយស្វែងរក លុះដល់ថ្ងៃទី២៨ខែតុលា
ឆ្នាំ២០១៧វេលាម៉ោង ៦និង៣០ល្ងាច មានអ្នកស្ទូចត្រីប្រទះឃើញ សាកសពអណ្ដែតទឹកទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនទើបប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
នៅពេលទទួលសាកសព ក្រុមគ្រួសារបាននិយាយប្រាប់សមត្ថកិច្ចថារូបគាត់(ជនរងគ្រោះ) មានជម្ងឺសសៃប្រសាទជាប់ខ្លួនផងទើបបានជាវង្វេងបាត់ខ្លួនដើរធ្លាក់ទឹកនៅទីនោះស្លាប់ដូច្នេះ ៕ តាកែវ




































