ព្រះវិហារៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថាបើគ្មានសន្តិភាពទេ យើងក៏មិនមានឱកាសបានមកជួបជុំគ្នា ធ្វើបុណ្យជាមួយគ្នា ដូចថ្ងៃនេះដែរ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិភាពនេះ ឲ្យនៅគង់វង្ស ដើម្បីឲ្យប្រទេសរបស់យើង កាន់តែមានការអភិវឌ្ឍន៍បន្តទៀត ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍ថ្លែងបែបនេះ នៅ
ក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជិតឆ្ងាយ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ចុងសប្តាហ៍កន្លងទៅ ក្នុងគោលបំណងដើម្បីប្រមូលបច្ច័យ យកមកកសាងព្រះវិហារ និងសមទ្ធិផលនានា នៅក្នុងវត្តមរតកតេជោបុរីស្វារៈ (ហៅវត្តធម្មជាតិ) ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានលើកឡើងបន្តថា បញ្ហាសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍ ដែលកើតមានឡើង នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា មានឱកាស ក្នុងការប្រកបរបរចិញ្ចឹមជីវិតរៀងខ្លួនៗ ពិសេសគឺយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ដូចជាការធ្វើដំណើរទៅមកឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ ដោយមិនមានការព្រួយបារម្ម ។
ឯកឧត្តមបន្តទៀតថា ក្នុងរបបរប្រលៃពូជសាសន៍ពលពតវិសយ័ពុទ្ធចក្រ ត្រូវបានបំផ្លិចបំផ្លាញអស់ទាំងស្រុង ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងទប់ស្កាត់ ផ្តួលរំលំនូវរបបរមួយនេះ មិនអោយវិលត្រឡប់មកវិញ ។
ដូច្នេះហើយយើងទាំងអស់គ្នា ត្រូវរួមគ្នាកសាង អភិវឌ្ឍន៍ និងការពារអោយដាច់ខាតនៅការវិលត្រឡប់មកវិញ នូវរបបរប្រលៃពូជសាសន៍ពលពត និងធ្វើការប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងឈ្លានពានរបស់បរទេស ដោយជឿលើការញួសញុងរបស់ជនអគតិ ព្រមទាំងបក្សពួកមួយចំនួន ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចេញពីឆន្ទះប្រជាជនពិតៗ ។ 
សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គី ដើម្បីទុក្ខសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្តនាឱកាសនោះ សរុបមានចំនួន ៤៤,៤៤៤,០០០៛(សែសិបបួនលានបួនសែនបួនម៉ឺនរៀល) ៕ សួនលីណា




































