JCI Japan Smile by water ត្រូវបានប្រារពពិធីបិទបញ្ចប់គម្រោងនៅកម្ពុជា!

0

សួន លីណា: ខេត្តព្រះវិហារៈអគ្គនាយកអាជ្ញាធរជាតិព្រះវហារ ឯកឧត្តម គង់ ពុទ្ធិកាបានថ្លែងថា បេីទោះជាគម្រោង JCI Japan Smile by water ត្រូវបានបិទបញ្ចប់ នៅកម្ពុជាក៍ដោយ តែអាជ្ញាធរជាតិព្រះវិហារ នៅតែបន្តគម្រោងមួយនេះជាបន្តទៀត ដេីម្បីជួយលេីកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋកាត់បន្ថយបានពីភាពក្រីក្រ តាមរយះការចិញ្ចឹមត្រី និងការដាំបន្លែ បែបលក្ខណៈគ្រួសារ ដោយមិនមានសារធាតុគីមី ។
ប្រសាសន៍ថ្លែងបែបនេះនៅក្នុងពិធីប្រជំុបូកសរុបបិទគម្រោង JCI Japan Smile by water  នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ដោយមានការអញ្ជេីញចូលរួមពីលោក ណាកៃ ស៊ូមិ ប្រធាន​ JCI Japan ព្រមទាំងសិស្សានុសិស្សជនជាតិជប៉ុន និងសិស្សានុសិស្សកម្ពុជា រួមទាំងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។
ឯកឧត្តមបានបន្តថា គម្រោងមួយដែលបានបង្កើតឡើង និងអនុវត្តផ្ទាល់ ដោយអាជ្ញាធរជាតិព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភថវិកាពីក្រុមសភាពាណិជ្ជករ អន្តរជាតិជប៉ុន (JCI Japan) ។
ឯកបន្តអោយដឹងទៀតថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០១៧ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ដោយអនុវត្តលើសកម្មភាពធំៗសំខាន់ចំនួន០២ ទី១ការផ្តល់អណ្តូងទឹកសម្រាប់គ្រួសារកសិករក្រីក្រចំនួន៨៤គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ ក្នុងភូមិទាំង៧ នៃឃុំស្រអែម ជាពិសេសភូមិធម្មជាតិសម្តេចតេជោ និងទី២គម្រោងជីកស្រះចិញ្ចឹមត្រីសម្រាប់បង្ហាញដល់កសិករក្នុងឃុំស្រអែម ចំនួន៤ស្រះធំៗ ដែលមានទំហំ ទទឺង២៥ម៉ែត្រ និងបណ្តោយ៥០ ម៉ែត្រ និងបានដាក់ពូជកូនត្រីប្រភេទទីឡាព្យា ចំនួន​៣២០០០កូន ។
លោក ណាកៃ ស៊ូមិ ប្រធាន​JCI Japan តំណាងគម្រោងSmile by water លោកបានបញ្ជាក់ថាគម្រោងJCI Japan Smile by water មានសាខាជាង១០០ប្រទេស ហេីយគោលសំខានរបស់JCI គឺព្យាយាមធ្វេីអ្វី ដេីម្បីកែប្រែអោយប្រជាជនទាំងអស់ មានការគិតជាវិជ្ជមាន ហេីយវាមិនមែនជាគម្រោងរបស់ជប៉ុន ឬជារបស់កម្ពុជានោះទេ គឺវាជាគម្រោងរបស់ប្រជាជនយេីងទាំងអស់គ្នា ។
លោកថាគម្រោងមួយនេះអាចទទួលជោគជ័យបែបនេះបានដោយសារការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហេីយលោកសង្ឃឹមថាប្រជាពលរដ្ឋនិងទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមត្រីនេះផងដែរ ។
លោកបានបន្តថា តាមរយះគម្រោងនេះផងដែរលោកសង្ឃឹមថាការទំនាក់ទំនងរង្វាងកម្ពុជា និងជប៉ុនកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត ៕ សួនលីណា