ខ្លួនឯងរបួសធ្ងន់ធ្ងរហើយ នៅក្លាយជាជនបង្កគ្រោះថ្នាក់ថែមទៀត

0

ខេត្តរតនគិរី៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ហើយនៅឡើយ ថែមទាំងក្លាយជនបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ដែលបង្កឡើងដោយភាគីម៉ូតូម៉ាក WAVE ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។ អ្នកបើកបរម៉ូតូបង្កឈ្មោះ រម៉ាម វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី បើកបរពីជើងទៅត្បូង (រងរបួសធ្ងន់)។ ចំណែកភាគីរថយន្តម៉ាក SAMYUNG (កូរ៉េ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២U-៥៩១២ បើកបរដោយឈ្មោះ ពាក់ លីនកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកភាគីម៉ូតូ ដែលជាជនបង្កបានបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់។ នេះបានន័យថា អ្នកបើកបរម៉ូតូជាជនបង្ក ហើយក៏ត្រូវរងគ្រោះខ្លួនឯង ដោយរបួសធ្ងន់ធ្ងរផងដែរ។

ជនបង្កក្រោយពេលកើតហេតុ ត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខណៈវត្ថុតាងទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕ យក្ខឡោម