កំពត ឯឧត្តម ចាន់ចេ ស្ដាអភិបាលនៃគណៈភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៧ បានអញ្ជើញជា អធិបតីភាព ក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅសាលាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាសម្ភារខេត្តកំពត។
ពិធីនេះក៏មានវត្តមានចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូនិងសប្បុរសជន ផងដែរ។អង្គពិធីបន្ទាប់ពីមានរបាយការណ៍របស់លោកនាយកសាលាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាសម្ភារខេត្តកំពតនិងរបស់់លោកប្រធានមន្ទីរអប់់រំយុវជន និងកីឡាខេត្ត បានអោយដឹងពីលទ្ធផលការងារក្នុងឆ្នាំសិក្សាកន្លងទៅរួចមក។ 
ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តបានអានសារជូនពរក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូនទៅកាន់អង្គពិធីទាំងមូល។
និងមានមតិសំណេះសំណាលដោយប្រាប់ទៅកាន់សិស្សានុសិស្ស អោយយកចិត្តទុកដាក់ ខិតខំរៀនសូត្រដណ្តើមយកនិទ្ទេសល្អឲ្យបានច្រើននៅក្នុងឆ្នាំសិក្សា២០១៧-២០១៨ ហើយជាពិសេសត្រូវគោរពនូវវិន័យសាលាឲ្យល្អ ចៀសឆ្ងាយអំពើអបាយមុខផ្សេងៗ ជាពិសេសការសេពគ្រឿងញៀន។ 
ឯកឧត្តមអភិបាលខេត្តបានបន្តលើកឡើងទៀតថា លោកពិតជាច្រណែនជាមួយនិងសិស្សានុសិស្សនាពេលបច្ចុប្បន្ននេះណាស់ ព្រោះមានសាលាស្អាត មានគ្រូល្អ ពោពេញដោយសមត្ថភាពខ្ពស់ ការចូលរៀនដោយមិនបាច់បង់ប្រាក់ ជាពិសេសមានបណ្ណាល័យដែលមានសៀវភៅល្អសម្រាប់សិក្សាស្រាវជាវយ៉ាងសម្បូរបែប ពិសេសជាងនេះទៅទៀតមានទូរស័ព្ទស្មាតហ្វូនប្រើ ដែលអាចភ្ជាប់អ៊ីនធើណែត ទាញយកឯកសារផ្សេងៗរាប់លានចេញពីគេហទំព័រគោហ្គល (google)។
ឯកឧត្តមអភិបាលខេត្តក៏នៅបានបញ្ជាក់ទៀតថាក្នុងនាមជាយុវសិស្សល្អម្នាក់ត្រូវចេះប្រើប្រាស់ពេលវេលា និងទាញយកប្រយោជន៍តាមរយៈការអានសៀវភៅ ការប្រើប្រាស់ទូរស័ព្ទដៃឲ្យអស់លទ្ធភាពនិងមានប្រយោជន៍ដើម្បីប្រែក្លាយខ្លួនឯងឲ្យទៅជាសិស្សពូកែ ជាទំពាំងស្នងឬស្សីដ៏ល្អ ជាសរសទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនៅពេលអនាគត ព្រោះប្រទេសរុងរឿងនិងមានការអភិវឌ្ឍបានជឿនលឿនអាស្រ័យដោយការសមប្បូរធនធានមនុស្ស មានទាំងចំណេះដឹង ចំណេះធ្វើ និងគោរពក្រមសីលធម៌សង្គមបានល្អ។
នៅក្នុងឱកាសនោះដែរស្ថិតនៅចំពោះមុខសិស្សានុសិស្សរាប់រយអ្នក ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងដូច្នេះទៀតថា «មិនថានៅក្នុងសង្គមណា ប្រទេសណាទេ ប្រសិនបើចង់ក្លាយជាសិស្សល្អ សិស្សពូកែ សិស្សនោះត្រូវតែគោរព និងស្តាប់ដំបូន្មានឪពុកម្តាយ ការណែនាំរបស់លោកគ្រូអ្នកគ្រូ គោរពវិន័យសាលាឲ្យបានខ្ជាប់ខ្ជួន ហើយបើចង់ក្លាយជាបុគ្គលល្អ បុគ្គលនោះត្រូវតែគោរព និងអនុវត្តតាមច្បាប់របស់ប្រទេស»៕




































