កំពង់ធំៈ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងអាជ្ញាធរខេត្តកំពង់ធំ បានប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅវិមានរំលឹកគុណ ស្ថិតនៅសង្កាត់អាចារលាក្យ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ក្នុងពិធីដ៏អធឹមអធ័មនេះ ដោយមានវត្តមាន ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំជាអធិបតីភាព អមដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គរុសិស្ស សិស្ស និស្សិត យុវជន យុវនារីកាយរិទ្ធ កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ។
ក្នុងពិធីដ៏ឱឡារិកបានប្រារព្ធឡើងដើម្បីរំលឹក និងថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៃព្រះរាជបូនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ព្រះបញ្ញាស្មារតី ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្នេហារបស់ព្រះអង្គ កាលពី៦៤ឆ្នាំមុន ប្រជារាស្ត្រដែលជាកូន ចៅ ចៅទួត នៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ៕
នៅក្នុងឳកាសនៃពិធី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង ថ្ងៃនេះគឺជាទិវាបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា២០១៧ ដែលបានប្រារព្វស្រមគ្នានិងថ្ងៃបង្កើតកងយោធពលខេមរៈភូមិន្ទ គឺជាទិវា ប្រវត្តិសាស្រ្ត និងជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណក្ខ័ន្ទ ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជពីអាណានិគមបារាំង និងរំលឹកគុណដល់វរៈកុលបុត្រកុលធិតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់ សូមឲ្យកងកម្លាំងទាំងអស់ ចាំបាច់ត្រូវនៅជាកងកម្លាំងការពារជាតិដ៏រ៉ឹងមាំ គាំទ្រប្តូរផ្តាច់ពេញទំហឹង ឥតងាករ៉េចំពោះគោយបយោបាយ របស់រាជរដ្ឋាភិបាល គោរពវិន័យ ម៉ឺងម៉ាត់ និងមានសត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងសភាណការណ៍ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ការពាររាំងស្កាត់រាល់សកម្មភាពប្រទុសសារ៉ាយដែលប៉ុនប៉ងនាំប្រទេសជាតិឲ្យធ្លាក់ក្នុង ភាពច្របូកច្របល់ និងភាពជូរចត់នៃអតីតកាលដែលកម្ពុជា ធ្លាប់ឆ្លងកាត់កន្លងមក ។ ដោយ ប៊ុន រដ្ឋា





































