ខេត្តកំពត ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៧នេះ គឺនៅគ្រប់រាជធានី ខេត្តក្នុងទូទាំងប្រទេស តែងបានចាត់តាំងប្រារព្ធអង្គពិធីដើម្បើសំដែងការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ១៩៥៣-៩វិច្ឆិកា២០១៧និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។
ដោយឡែកសម្រាប់នៅខេត្តកំពត អាជ្ញាធរខេត្តក៏បាន ប្រារព្ធទិវាជាប្រវត្តិសាស្រ្តនេះឡើងផងដែរ ក្រោមវត្តមានជាអធិបតីភាពពីសំណាក់ ឯកឧត្តម អ៉ឺង-ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមជាសមាជិក សមាជិការនៃអង្គមិទ្ទិញពីសំណាក់ក្នុងជួរក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជករ ព្រះសង្ឃលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តមចាន់ ចេស្ដាអភិបាលខេត្តបានថ្លែងសន្ទរកថា៖ ដោយបានគូសបញ្ចាក់ពីអត្ថន័យដ៏ជ្រាលជ្រៅ នៃខួបអនុស្សាវរីយ៍ ៩វិច្ឆិកា គឺជាការរំលឹកឡើងវិញនូវ ស្នាព្រះហស្ដរបស់ ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុ(ព្រះបរមរតនៈកោដ្ឋ) ក្នុងព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិ ពីក្រោមការត្រួតត្រារបស់អាណានិគមបារាំងដែលប្រជាពលរដ្ឋយើងត្រូវតែចងចាំក្នុងបេះដូងរបស់ខ្លួនជានិច្ច។ ហើយក៏ជាថ្ងៃដែលកម្ពុជាយើងបានចាប់បដិសន្ធិ កងយោធពលខេមរភូមិន្ទពេញលក្ខណៈតាំងពីពេលនោះមកផងដែរ។ 
សន្ទរកថាក៏បានបញ្ជាក់ទៀតថា៖ស្របទៅតាមរយៈនៃសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏រុងរឿងនេះ។ បច្ចុប្បន្នកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងដឹកនាំធ្វើអោយសម្រេចបាននូវសមិទ្ធផលទាំងឡាយ បានជោគជ័យយ៉ាងធំធេង នាំមកនូវ សុខសន្តិភាពជូនជាតិមាតុភូមិ និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ធ្វើអោយកិត្តិយស និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកកម្ពស់ទាំងនៅក្នុងតំបន់ និងពិភពលោក។
អង្គពិធី បន្ទាប់ពីមេបញ្ជាការតំបន់សឹករងកំពតបានធ្វើចំណាប់អារម្មណ៍សំដែងការគោរពចំពោះវីរៈភាពដ៏ថ្លៃថ្លារបស់កងយោធពលខេមរភូមិន្ទដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាយើងរួចមក។ គណៈអធិបតី ក៏បានរួមពិធី ព្រលែងព្រាប បង្ហោះប៉េងប៉ោងជានិមិត្តរូបនៃការសុំសុខសន្តិភាពអោយបានស្ថិតស្ថេរយូរអង្វែងផងដែរ។




































