ភ្នំពេញ៖ ក្រុមជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានី មកត្រូវអស់លក្ខ ពេលឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច និងបណ្តោលអោយនារីរងគ្រោះដួលសន្លប់ស្តូកស្តឹងនៅកន្លែង ហើយជនសង្ស័យទាំង២នាក់បានព្យាយាមជិះរត់គេចខ្លួន តែត្រូវបានប្រពលរដ្ឋជួយដេញតាមស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករាសហការជាមួយខណ្ឌទួលគោកធ្វើការឡោមព័ន្ធ ទើបចាប់បាននៅចំណុចស្តុបតេផន សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ដោយកន្លែងកើតហេតុនៅត្រង់ចំណុចទល់មុខធនាគារកាណាឌីយ៉ាជាប់នឹងរបងស្តាតអូឡាំពិច ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ទី១-ឈ្មោះ ស្រេក ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់ម៉ូតូ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានស្រុកកំណើតនៅ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។និងទី២-ឈ្មោះ ខា ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរ ជាងដែក មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ ម៉ូតូដែលជនសង្ស័យទាំង២នាក់នេះជិះសម្រាប់ធ្វើសកម្មនោះម៉ាក និច ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ1CV-8459។ ចំណែកឯនារីរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណទេ ព្រោះរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ដោយរូបគាត់ជិះម៉ូតូ វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1F-0809 ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើម្នាក់ឯង តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ដោយបានស្ពាយកាបូបចំហៀងមួយ ខណៈមកដល់ចំណុចកើតហេតុក៏បានលេចមុខជនសង្ស័យ២នាក់ខាងលើ បានមកធ្វើសកម្មភាពឆក់ទាញយកកាបូបនារីរងគ្រោះខាងលើតែម្តង បណ្តាលអោយនារីរងគ្រោះដួលបោកក្បាលសន្លាប់ស្តូកស្តឹងនៅនិងកន្លែង ចំណែកជនសង្ស័យទាំង២នាក់នោះបានព្យាយាមជិះគេចចេញកន្លែងកើតហេតុ ភ្លាមៗនោះ មានប្រជាពលរដ្ឋដែលនៅម្តុំកើតហេតុ បានជិះម៉ូតូជួយដេញតាមផង និងស្រែកផង ក៏ផ្អើលដ៏សមត្ថកិច្ចសហការគ្នាបានដេញតាមរហូតចាប់បាននៅម្តុំស្តុបតេផនតែម្តង។ ប៉ុន្តែកាបូបស្ពាយដែលជនសង្ស័យទាំង២នាក់ឆក់បានគឺបានប៉ះសេទៅអោយបក្ខពួកយកទៅបាត់ហើយ។
ក្រោយពីធ្វើឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាបណ្តោះអសន្នដើម្បីធ្វើការសាកសួរ រីឯនារីរងគ្រោះត្រូវបានបញ្ជូនទឋោមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន៕




































