កំពង់ធំៈ ពាក្យចាស់លោកថា ម្តាយមួយចិញ្ចឹមកូនដប់រស់ តែកូនដប់ចិញ្ចឹមម្តាយមួយមិនរស់ ម្តាយចិញ្ចឹមកូន ថ្នាក់ថ្នមកូនរហូតធំដឹងក្តី ថែមទាំងរៀបការប្រពន្ឋប្តីឲ្យរៀងៗខ្លួន ក្រោយមកកូន៧នាក់មិនដឹងថា ទៅរស់នៅទីណានោះទេ បណ្តោយឲ្យម្តាយជាស្រីមេម៉ាយរងទុក្ខវេទនា មានជីវភាពខ្វះខាត តែដោយមានការអាណិត អាសូពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ខនឹងនាំយកអំណោយទៅចែកជូន ។
សកម្មភាពមនុស្សធម៌របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោម ស៊ុន បានបន្តដំណើរចុះសួរសុខទុក្ខប្រជាពល រដ្ឋក្រីក្រជួបការលំបាក ដោយមិនបង្អែរបង្អង់ឡើយ ខណៈពេលដែលសេចក្តីស្រេចឃ្លានរបស់ពលរដ្ឋក្រីក្រ កំពុងតែដង្ហោយហៅរកជំនួយ ដែលមិនថាថ្ងៃឈប់សម្រាក ឯកឧត្តម មេបញ្ជាការ តែងតែឆ្លៀតឳកាសចុះ ផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ។
លោកយាយ ស ញ៉ឹម អាយុ៨២ ឆ្នំា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគាត់រស់នៅ ក្នុងជីវភាពខ្វះខាតក្នុងស្ថានភាពជាស្ត្រីមេម៉ាយ កន្លងមកនេះគាត់ចិញ្ចឹមកូន៨ នាក់ក្នុងបន្ទុក បន្ទាប់ពីលោកតាទទួលមរណភាពចោលគាត់ ជាង២០ ឆ្នាំមុន លោកយាយបានតស៊ូក្នុងឆាកជីវិត បានពុះពារគ្រប់ឧបស័គ្គនានា ដើម្បីចិញ្ចឹមកូន ចំនួន៨នាក់ បន្ទាប់ពីកូនគាត់មាន ស្វាមី និង ភរិយា កូនៗទាំងអស់មិនដឹងថាទៅរស់នៅទីណា កន្លែងណាខ្លះទេ រាល់ថ្ងៃនេះ មានកូនប្រុសម្នាក់ដែលមានភរិយាហើយគេរស់នៅជិតគ្រាន់បានផ្តល់ចំណីអាហារខ្លះដល់គាត់ ។
បច្ចុប្បន្នលោកយាយដាំបន្លែបង្ការតិចតួច គ្រាន់លក់ដូរខ្លះចិញ្ចឹមជីវិត តែពុំអាចទៅប្រកបការងារអ្វីធ្ងន់ធ្ងរបានទេដោយសារមានជំងឺប្រចាំកាយ ដោយរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន រួមទាំងសហការី នាំយកអំណោយ ចែកជូននៅព្រឹកថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាវិច្ឆិកានេះ បានជួយឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០គីឡូក្រាម មីយើងពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ២០០.០០០ ៛ ។
ដោយ ប៊ុន រដ្ឋា




































