ជីម ភារ៉ារាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយសារតែរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបើកទៅបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើដោយបុរសម្នាក់ជាសន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ ចំពីក្រោយពេញទំហឹង រួចកិនក្បាលជនរងគ្រោះបណ្ដាលឲ្យបែកធ្លាយខួរស្លាប់ភ្លាមៗមួយរំពេច ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចមុខផ្សារជិនជូរី តាមបណ្ដោយផ្លូវ២០១ឯកែងផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសម្នាក់ ដែលជាកងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខដូចគ្នា បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា សពបុរសរងគ្រោះខាងលើមានឈ្មោះ វិន វឿន អាយុ៤៥ឆ្នាំមុខរបរ សន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ និងមានប្រពន្ធកូនរស់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានជាសន្ដិសុខ បានជិះម៉ូតូមួយគ្រឿងម៉ាក WAVE A ពណ៌ខ្មៅលាយស ដែលពាក់ស្លាកលេខ
ភ្នំពេញ1BP-3596 បានធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២០១១ ហើយឆ្លងផ្លូវសហព័ន្ធរុស្សុី ដែលជាស្ទុប២០០៤ ខណៈឆ្លងស្ទុបផុត ក៏ស្រាប់ពេលនោះក៏មានរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1583 ដែលធ្វើដំណើស្របទិសគ្នា បានជ្រុលទៅបុកម៉ូតូបុរសដែលជាសន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខពីក្រោយពេលមួយទំហឹង បណ្ដាលអោយម៉ូតូខ្ទិចគូទក្រោយ ហើយខ្ទេចទៅចញ្ចើមផ្លូវ ចំណែកបុរសរងគ្រោះបានខ្ទៀតមកលើដងផ្លូវ ក៏ត្រូវបានរថយន្ដក្រឡុកស៊ីម៉ងត៍កិនបែកក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុតែម្ដង ។ ដោយឡែករថយន្ដក្រឡុកស៊ីម៉ងត៍ដែលបង្កហេតុនោះ បានបើកគេចពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រទើបឈប់រថយន្ដបម្រុងរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យភ្លាមៗ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដោយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងអួសរថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នាពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកខណ្ឌពោធិ៍សែនជ័យ ដឹកយកទៅផ្ទះនៅសង្កាត់ឃ្មួញ ដើម្បីឲ្យសាច់ញាត្តិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕




































