បេីករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

0

ដោយ  សាំង រ៉ាវី 
តាកែវ ៖ បុរសម្ចាស់ម៉ូតូម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហ៊ឹងក្នុងទិសដៅផ្ទុយគ្នា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង០៥នាទីព្រឹក​ នៅលើផ្លូវជាតិលេខ០២ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅ ភូមិហនុមាន ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ករណីនេះដែរតាមការឲ្យដឹងពីលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានប្រាប់ថា នៅវេលាម៉ោងកេីតហេតុខាងលេីពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងមែនរវាងរថយន្តនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូងដោយរថយន្តបង្កម៉ាក ហ៊្វតរ៉ែនជ័រ ពណ៍ស ពាក់ស្លាកលេខៈ រដ្ឋ12 2-0369 បើកបរពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន ពីព្រោះក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។ ដោយឡែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1AW-4636 បើកបរពីត្បូងទៅជើងដោយបុរសម្នាក់ឈ្មោះ ហង់ កូ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ម្ចាស់ម៉ូតូបានរងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។លោកអធិការបន្តទៀតថា មូលហេតុដែលធ្វេីឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែភាគីខាងរថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្នវត្ថុតាងទាំងពីរត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីស្រាវជ្រាវស្វែងរកអ្នកបេីកបររថយន្តបង្កឲ្យចូលខ្លួនមកបំពេញបែបបទដោះស្រាយជាមួយភាគីម្ចាស់ម៉ូតូតាមនីតិវិធី៕