កាំកុងត្រូលនៅតែបន្តអោយនាំចូល គ្រឿងក្នុង ស្លាបនិងជង្គង់មាន់ថៃ តាមច្រកទ្វារអន្តរជាតិចាំយាម

0

កោះកុង  នៅព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ គេសង្កេតឃើញមុខទំនិញដូចជាស្លាបមាន់ក្រញុាំជើង និងគ្រឿងក្នុងមាន់នៅតែត្រូវបានសមត្ថកិច្ចគយនិងកាំកុងត្រូល អនុញ្ញាតិអោយនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងដដែល ទោះបីមុខទំនិញមួយនេះ ត្រូវបានរឹតបន្តឹងនៅតាមច្រកនានាក្នុងទូទាំងប្រទេសតាមគោលការណ៍ប្រមុខរាជរដ្ឋាភិបាល យ៉ាងណាក្តីជាពិសេសគឺសមត្ថកិច្ចជំនាញកាំកុងត្រូលតែម្តង ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចច្រកទ្វារជាច្រើនបានបង្ហើបអោយដឹងថា ក្រៅពីសមត្ថកិច្ចកាំកុងត្រូល គ្មានសមត្ថកិច្ចណាហ៑ានបើកភ្លើងខៀវអោយមុខទំនិញមួយនេះនាំចូលរាល់ថ្ងៃដូច្នេះឡើយ តែបើជំនាញបើកដៃ ស្ថាប័នផ្សេងក៏បានសើមមាត់ដែរ

ប្រភពដដែលបាននិយាយទៀតថាក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានគ្រឿងក្នុង ស្លាប និងជង្គង់មាននិងប្រហិតខូចគុណភាព ចាប់ពី១តោនទៅ២តោនដែរ ត្រូវបានសមត្ថកិច្ចជំនាញបើកដៃអោយពួកឈ្មួញដែលជាម៉ូយដាក់ខែរបស់ពួកគេរាប់សិបឆ្នាំមកហើយនោះ នាំចូលទាំងគគ្លើនតាមច្រកទ្វារចាំយាម ដោយបំបែករូបភាពដាក់បង្កប់តាមរទេះរុញតូចៗបំភ័នភ្នែកអ្នកធ្វើដំណើរឆ្លងកាត់ច្រកនេះ រួចយកមកដាក់ឡានដែលនៅរង់ចាំខាងទឹកដីខ្មែរ រួចដឹកចេញមកចែកចាយនៅទីផ្សារដងទង់មួយចំនួនឬប្រមូលគ្រប់ពី8ទៅ10តោនទើបដឹកចេញមកកាន់រាជធានីភ្នំពេញ។

ប្រភពដដែលបកអាក្រាតទៀតថា ដោយសារតែការមើលឃើញសកម្មភាពផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល របស់សមត្ថកិច្ចកាំកុងត្រូលខេត្តកោះកុង បែបនេះហើយទើប កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧កន្លងទៅថ្មីៗលោកស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំកំលាំងក្រោមឱវាទ ស្ទាក់ចាប់មុខទំនិញខូចគុណភាពខាងលើនេះបានចំនួន២តោនខណៈពួកឈ្មួញបំបែករូបភាពដឹកតាមម៉ូតូកង់បីមកដល់ទីរួមខេត្ត យកទៅដុតកំទេចចោល នឹងអញ្ជើញស្ថាប័នជំនាញមួយនេះមកចូលរួមឈរមើលសកម្មភាពដុតនោះយ៉ាងអាម៉ាសទៀតផង។

មិនតែប៉ុណ្ណោះទោះបីជាសកម្មភាពបង្រ្កាបនេះប៉ូលីសជាអ្នកខិតខំធ្វើ ប៉ុន្តែសាខាកាំកុងត្រូលខេត្តបានធ្វើរបាយការណ៍កុហកថ្នាក់លើរបស់ខ្លួន ថាក្រុមខ្លួនជាអ្នកបង្រ្កាបហើយសមត្ថកិច្ចប៉ូលីសគ្រាន់តែចូលរួមទៅវិញ ។

ប្រភពមន្រ្តីនិងប្រជាពលរដ្ឋក្នុងខេត្តជាច្រើនរិះគន់ថា ស្ថាប័នកាំកុងត្រូលជាស្ថាប័នមុខលុយ ព្រោះពួកគេសំអាងថា អោយតែក្រុមឈ្មួញបង់លុយ គឺលែងពិនិត្យគុណភាពហើយចង់ដឹកទំនិញស្អុយរលួយមកលក់ក៏មើលមិនឈើញដែរហើយយូរៗម្តងពួកមន្ត្រីទាំងនោះ តែងហៅយកឡានពិនិត្យគុណភាពចល័តពីនាយកដ្ឋានទៅបង្អួតពលរដ្ឋនិងមន្ត្រីក្នុងខេត្តអោយឃើញសកម្មភាពពិនិត្យទំនិញស្ងួតតាមផ្សារទំនើប ឬផ្សារបន្លែកំបិុកកំប៉ុកទៅវិញ មិនដែលហ៑ានដើរទៅជិតតូបលក់គ្រឿងក្នុង ស្លាបមាន់ និង ជង្គង់មាន់ខូចគុណភាពដែលជាម៉ូយរបស់ពួកគេឡើយ។

ហេតុនេះ បើថ្នាក់លើមិនប្រឡូកប្រឡាក់ក្នុងរឿងនេះទេ សូមចាត់វិធានការជាបន្ទាន់ ព្រោះជម្ងឺមហារីវាមានលក្ខណៈទំជោទៅហើយ ប្រយ័ត្នរាលដាលដល់សារីរាង្គផ្សេងៗទៀត ព្រោះមានមន្ត្រីខ្លះអាចឈរជើងនៅច្រកចាំយាមនេះជិត២០ឆ្នាំហើយដោយសារតែពូកែរកផលប្រយោជន៍អោយថ្នាក់លើ ជាក់ស្តែងគឺលោក ជា នី ឈរជើងនៅច្រកនេះជិត២ទស្សវត្សន៍ហើយនៅមិនទាន់អស់ចិត្តទៀត ៕

 ដោយ​   អ៊ួង វឹង