កំពង់ធំៈ ដើម្បីលើកទឹកចិត្តយុវជនឲ្យទទួលបាននូវការអប់រំនិងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនកាន់តែមានភាពពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិនជីវិតដើម្បីឲ្យយុវជនក្លាយេជាពលរដ្ឋល្អក្នុងសង្គមជាតិ រាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកជំរំក្រុមប្រឹក្សាយុវជនកម្ពុជាថ្នាក់ជាតិ លើកទី១៩ ក្រោមប្រធានបទ(យុវជនដើម្បី
សន្តិភាព និងវឌ្ឍនភាព)នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ភូមិត្រពាំងប្ញស្សី ឃុំត្រពាំប្ញស្សី ស្រុកកំពង់ស្វាយ ។ ពិធីនេះមានការអញ្ជើញចូលរួមប្រធានអង្គភាពមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាយុវជន ទាំង២៥រាជធានីខេត្ត ចំនួនប្រមាណជាង៤០០នាក់ ។
ឯកឧត្តម ជីវ រដ្ឋា បានលើកឡងថា ការបោះជំរំមានគោលបំណងអប់រំយុវជនឲ្យរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នា រៀនរស់នៅជាមួយធម្មជាតិនិងបង្កើតវឌ្ឍនភាពពីក្រុមតូចទៅក្រុមធំពីខេត្តមួយទៅខេត្តមួយ ចេះរស់នៅឆ្ងាយពីឪពុកម្តាយ យល់ពីតម្លៃ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ បង្កើនភាពជឿជាក់ដោយខ្លួនឯងនិងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទោមក ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំនិងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំ ក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនិងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងការកសាងជាតិនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ហើយការបោះជំរំមានរយៈ ៧ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ ដោយបែងចែកជា៦សាខាហើយក្នុង១សាខាមាន៥អនុសាខា និង១អនុសាខាមានសមាជិកពី៨ទៅ១០នាក់ ។
ឯកឧត្តម ញឹក បានខេង បានថ្លែងអំណរគុណដល់ក្រសួងអប់រំដែលបានបង្កើតការបោះជំរំនេះឡើងព្រោះនេះជាផ្នែកមួយនៃការបង្ហាត់បង្ហាញពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រងដែលគណៈកម្មការបានបែងចែកជាក្រុម ជាកងនិងប្រគល់ភារកិច្ចទទួលខុសត្រូវតាមឋានានុក្រម ហើយធ្វើឲ្យយុវជនអភិវឌ្ឍនូវជំនាញទន់របស់ខ្លួនដោយចេះសង្កេតពិចារណា ចេះបង្កើនស្មារតីធ្វការងារដោយភាពទទួលខុសត្រូវក្នុងស្មារតីមិត្តភាពសាមគ្គីភាព។ឯកឧត្តមបានបន្តថាក្រសួងអប់រំយុវជននិងកីឡា បានយកចិត្តទុកដាក់រៀបចំឲ្យមានក្រុមប្រឹក្សាកុមារ
យុវជននៅតាមសាលាដើម្បីជាយន្តការលើកកម្ពស់អនុវត្តចលនា៣ ល្អ និងជាឱកាសឲ្យយុវជនរៀនធ្វើការងារជាបុគ្គលជាក្រុមក្នុងការហ្វឹកហាត់អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គមដើម្បីបង្កើនស្មារតីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនជាពិសេសខិត្តខំប្រព្រឹត្តតែអំពើល្អឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្ត ។ឯកឧត្តមបន្ថែមថា ការសិក្សារៀនសូត្រនាំមកនូវភាពជោគជ័យ ហើយដើម្បីឲ្យការសិក្សាទទួលបានភាពជោគជ័យ ក្នុងនាមយើងជាសិស្សត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យសាលារៀន មានក្រមសីលធម៌ក្នុងការរស់នៅ និងស្តាប់ដំបូន្មានរបស់
ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងគោរពវិន័យជាដាច់ខាត ព្រោះវិន័យនេះហើយគឺជាក្រមសិលធម៌មិនអាចខ្វះបាន ដូចពាក្យស្លោកនិយាយថា វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ។ លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ គឺជាម្តាយឪពុកទីពីរ ដែលយើងតែងតែលើកឡើងថា គ្រូមួយថ្ងៃ មានគុណមួយជីវិត ដូច្នេះការដឹងគុណគ្រូ ការគោរពលោកគ្រូ អ្នកគ្រូ គឺជាក្រមសីលធម៌ដែលមិនអាចរំលងបាន។ ម្យ៉ាងវិញទៀត ក្នុងនាមយើងជាសិស្សត្រូវមានភារកិច្ចជាប់ខ្លួននោះ គឺការសិក្សា។ ចំពោះការអប់រំនាពេលបច្ចុប្បនេះវិញ គឺការអប់រំប្រកមសីលធម៌ ដែលតម្រូវឲ្យ លោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវពិតប្រាកដ។
នាក្នុងឱកាសនោះ ឯកឧត្តម ផ្តាំផ្ញើរឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលខាងមុខ ដូច្នេះដើម្បីឲ្យក្លាយជាឬស្សីល្អ សូមលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀន អប់រំទូន្មាន ដល់សិស្សានុសិស្សទំាងអស់ប្រកបដោយសមធម៌ នឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ។ចុងបញ្ចប់គណៈអធិបតីបានប្រគល់នូវព្រះអគ្គីដល់មេកងជំរំដើម្បីដុតភ្លើងគុបបើកដំណើរការនៃការបោះជំរំ ផងដែរ។




































