កំពង់ធំៈ យុវជនម្នាក់ ដែលជាមុខសញ្ញាចោរលួច ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនខណពេលដែលកំពុងតែធ្វើសកម្មភាពចូលលួចកាបូបលុយនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៧/១២/២០១៧ វេលាម៉ោង០៧ និង ៣០ នាទីព្រឹក តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ផុន.ចាន់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃគុយ(ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានមុខរបរមិនពិតប្រាកដបានធ្វើសកម្មភាពចូលលួចកាបូបលុយស្ត្រី ឈ្មោះ មួយ.ហុង អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានមុខរបរជាអាជីវករលក់ដូរនៅផ្សារកំពង់ធំ បានបាត់កាបូបលុយ និងទូរស័ព្ទដៃចំនួន០១គ្រឿង យោងតាមការរាយការណ៍របស់ជនរងគ្រោះបានប្រាប់ថាបាត់លុយរៀលអស់ចំនួនដប់បីលានរៀល លុយដុល្លារចំនួន១៦៧០ ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន០១គ្រឿង។
ក្រោយពីជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ចូលលួចលុយ និង ទូរស័ព្ទ ដៃរបស់ជនរងគ្រោះប្រាកដមែន និងបានពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនទៀតផង វត្ថុតាងដែលចាប់បានរួមមាន លុយរៀលក្រដាស់ប្រាំម៉ឺនចំនួន០៦សន្លឹក លុយដុល្លារក្រដាស់១០ដុល្លារចំនួន១៦សន្លឹក ក្រដាស់២០ដុល្លារ០១សន្លឹក និងក្រដាស់៥ដុល្លារ០២សន្លឹក។
លោក ញែម ឈុន លី អធិការនគរបាលក្រុងស្ទឹងសែនបានប្រាប់ក្នុងកិច្ចសម្ភាសថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកបានដឹកនាំបញ្ជាដោយផ្ទាល់ ចុះចាប់បង្ក្រាបចាប់បានភ្លាមៗ រួចអោយជនសង្ស័យរូបនេះមកបង្ហាញពីសកម្មភាពដែលខ្លួនបានចូលលួចតែម្តង រហូតមកដល់ព្រឹកថ្ងៃទី១០ ធ្នូនេះ បានបញ្ចូន ជនសង្ស័យទៅស្នងការខេត្តហើយ៕ប៊ុន រដ្ឋា




































