ជិះម៉ូតូលឿងដូចហោះ បុកកុងតឺន័រចតស្ងៀមពីក្រោយ ស្លាប់មួយរំពេច

0

អួង វឹង  កំពតៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូលឿនពេញជ្រុលទៅ​បុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើតស្ពានព្រែកលីប្រហែល១៥០ម៉ែត្រ ​ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AB-3686 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បោះពួយពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅ​បុកគូទរថយន្តកុងតឺន័រពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច រីឯអ្នកបើកបរថយន្ត ឃើញសភាពការណ៍មិនស្រួលបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះឲ្យមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។