ខែតកំពង់ធំៈ ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះនាយទាហាន និងពលទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែគិតគូរ ពីសុខទុក្ខដល់ទាហាន ដែលជាមន្រ្តីក្រោមឳវាទ គ្រប់រូប ដូចជាបង ជាប្ងូន ជាកូន ជាចៅ ដោយមិន ដែលទុកឲ្យដេកឈឺឯកកោម្នាក់ឯងនោះទេ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដឹកនាំបាន សហការី ទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ មាស សារុំ នាយការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជម្ងឺ និងរបួស នៅផ្ទះ ដោយគ្រោះថ្នាក់ចរាចរ ក្នុងពេលបំពេញភារកិច្ច ស្ថិតនៅភូមិ អូរគន្ធរ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ មាស សារុំ បានឲ្យដឹងផងដែរថា លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលដែល លោកកំពុងធ្វើដំណើរដោយម៉ូតូ ដើម្បីទៅបំពេញបេសកកម្ម ប៉ុន្តែមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ដោយសារ ដោយរថយន្តបើកកៀ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់យ៉ាងខ្លាំង តែសំណាងល្អលោក បានគុណមួកសុវត្តិភាព ជួយការពារអាយុជីវិតរបស់លោក ឲ្យបានមកជួបជុំប្រពន្ឋកូនវិញ រីឯរាងកាយត្រូវបានរបួសយ៉ាងធ្ងន់គួរសមផងដែរ ក្នុងនោះលោកបាន ថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្ត ច្បាប់ឲ្យប្រជាជនពាក់មួកសុវត្តិភាព ដើម្បីការពារអាយុជីវិតដ៏មានតំម្លៃរបស់ខ្លួន ។
នៅក្នុងឳកាសនៃការចុះសួរសុខទុក្ខ អ្នកជម្ងឺនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការង នាយការិយាល័យ នាយទាហានថ្នាក់ដឹកនាំចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានរួមគ្នាជួយឧបត្ថម្ភ ដែលជាទឹកចិត្តនាយាយទាហានទាំងអស់ ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបការលំបាក បានឧបត្ថម្ភជូនលោក វរសេនីយ៍ទោ មាស សារុំ ផ្លែឈើមួយកន្ត្រក ទឹកដោះគោឆៅ ៣ យួរ និងថវិកាចំនួន ១,២៥០,០០០ រៀល ។
លោក មាស សារុំ និងភរិយាបានថ្លែងអំណរគុណដល់ឯកឧត្តមមេបញ្ជាការ លោក លោកស្រី ទាំងអស់ ដែលជួយឧបត្ថម្ភថវិកាដល់គាត់សម្រាប់ព្យាបាលជំងឺ ដែលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយ ក្តីរំភើបក្រៃលែង ដែលរកអ្វីមកប្រៀផ្ទឹមពុំបានដោយសារបានមើលឃើញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសូមគោរពជូនពរសូមបានជួបប្រទះតែនិងពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា




































