ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាមេរិកកីឡាករ Jozy Altidore (ចូហ្ស៊ី អាល់ទីឌ័រ) ទំនងជាមិនអាចចូលលេងបានវិញទេសម្រាប់ការប្រកួតដែលសេសសល់ក្នុងយុទ្ធនាការ World Cup ឆ្នាំ ២០១៤ នេះបន្ទាប់ពីរូបគេបានរងរបួសសរសៃរពួរក្នុងការប្រកួតជាមួយប្រទេសហ្គាណាកាលពីព្រឹកថ្ងៃអង្គារ ។
ខ្សែប្រយុទ្ធរបស់ក្លិបឆ្មាខ្មៅ Sunderland រូបនេះត្រូវបានប្តូរចេញនៅនាទីទី២៣ហើយជំនួសវិញដោយកីឡាករ Aron Johannsson (អារ៉ុន ចូហានសុន) បន្ទាប់ពីរូបគេមិនអាចបន្តលេងទៀតបាន ។ បើសិនជា Altidore មិនអាចចូលលេងបានវិញសម្រាប់ការប្រកួតដែលនៅសល់របស់អាមេរិកនោះ វានឹងជាបញ្ហាដ៏ធំមួយសម្រាប់គ្រូបង្វឹកលោក Jurgen Klinsmann (ចូចេន គ្លីនស្មាន់) ដែលរូបលោកតែងតែមានទំនុកចិត្តលើខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះ ។ គួរបញ្ជាក់ថា Altidore ស៊ុតបានមួយគ្រាប់គត់ក្នុងក្របខណ្ឌ Premier League ឲ្យក្រុមឆ្មាខ្មៅ Sunderland កាលពីរដូវកាលមុន ប៉ុន្តែរូបគេស៊ុតបាន២០គ្រាប់ឲ្យជម្រើសជាតិអាមេរិកក្នុងការបង្ហាញខ្លួនចំនួន៧១ប្រកួត ៕