កំពង់ធំៈ អតីតយុទ្ធជនពិការឈ្មោះ ស្លេះ ម៉ាធីម ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី៥១ និងជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេមនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានសាងសង់ផ្ទះ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ធជនខេត្តកំពង់ធំ។
ផ្ទះដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ត្រូវបានដំណើរការសាងសង់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ជូនអតីតយុទ្ធជន ឈ្មោះ ស្លេះ ម៉ាធីម អាយុ ៣៨ ឆ្នាំ ជាអតីតយោធិនពិការ ភ្នែក និងដៃ ដោយសារសង្គ្រាម បច្ចុប្បន្នរស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំសហការី ដែលជាសមាគមអតីតយុទ្ធជន នៅស្រុកកំពង់ស្វាយ ចុះទៅធ្វើការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ដែលជាខ្នងផ្ទះទី៥១ ដែលជាគោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ងប្រាថ្នាឲ្យ អតីតយុទ្ធជនពិការ ដែលមានជម្រកស្នាក់នៅសមរម្យនឹងគេ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ផ្ទះដែលកំពុងតែធ្វើការសាងសង់នេះ មានទំហំ ៤មx៦ម សង់ខ្ពស់ពីដី ជញ្ជាំង និងដំបូលសង្ក័សី ក្រាលក្តារ ដែលជាអំណោយរបស់ប្រមុខរដ្ឋាភិបាល ដែលបានយកចិត្តទុលដាក់ និងផ្តល់សារៈសំខាន់បំផុត ដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលមានគុណ បំណាច់លើប្រទេសជាតិ និងជាការតបស្នងសងគុណគ្រប់អតីតយុទ្ធជនដែលបានលះបង់តស៊ូទាំងកំលាំង ចិត្តកំលាំងកាយ និងសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុប្រទេសជាតិ ។
លោក ស្លេះ ម៉ាធីម និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ រួមនិងអាជ្ញាធរដែនដី បានចូលរួមអបអរសាទរ និងសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅដល់អតីតយុទ្ធជន នៅគ្រប់ទីកន្លែង នៅក្នុងពេលចុះធ្វើការសាងសង់នេះ ឯកឧត្តម និងសហការី បានឧបត្ថម្ភ នូវអង្ករ ២៥ គ.ក្រ , មីចំនួន ០១ កេស និងថវិកា ៥០,០០០ រៀល សម្រាប់ដោះស្រាយការហូបចុកដល់កងកម្លាំងក្នុងការសាងសង់នេះ។
ដោយ ប៊ុន រដ្ឋា





































