កំពង់ធំៈ ឯកឧត្តម នួន សុមេធ បានថ្លែង បញ្ហាគ្រឿងញៀន ជាបញ្ហាចាំបាច់មួយតម្រូវឲ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ចូលរួមដោះស្រាយ ដោយមិនអាចព្រងើយកន្តើយបានជាដាច់ខាត ព្រោះអ្នកដែលទទួលរងគ្រោះភាគច្រើន គឺជាយុវជនដែលនឹងត្រូវបន្តវេន ធ្វើឲ្យប៉ះពាល់បញ្ហាសុខភាព ជីវភាព កិត្តិយស និងអនាគតបុគ្គល សុភមង្គលក្រុមគ្រួសារ សេដ្ឋកិច្ចក្រុមគ្រួសារ និងសង្គមជាតិ ប្រព័ន្ធសុខុមាលភាពសង្គម បាត់បង់ធនធានមនុស្សវ័យក្មេង ប៉ះពាល់កម្លាំងពលកម្ម និងប៉ះពាល់ទៅលើសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណណៈ សុវត្ថិភាពចរាចរណ៍ និងជះឥទ្ធិពលទៅលើការអភិវឌ្ឍជាតិទៀតផង ដែលចំណុចនេះ គូសបញ្ជាក់ឲ្យឃើញថា បញ្ហាគ្រឿងញៀនមិនមែនជាបញ្ហាដោយឡែករបស់រាជរដ្ឋាភិបាល តែមួយនោះទេ វាជាបញ្ហារបស់យើងទំាងអស់គ្នា។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ បានឡើងថា ដើម្បីជម្រុញនឹងចលនាឲ្យ កិច្ចសហការ ចូលរួមគាំទ្រពេញលេញក្នុងគ្រប់សកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពីគ្រប់សមាសភាពសង្គម ពិសេសវិស័យឯកជនពាក់ព័ន្ធទាំងអស់ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ការ៉ាអូខេ និងធ្វើការផ្សព្វផ្សាយ និងអប់រំ ដល់យុវជន នៅតាមសាលារៀន វត្តអារ៉ាម ជាដើម ទោះបីប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក្តី ប៉ុន្តែដោយសារនិន្នាការនៃគ្រឿញៀនទាំងនៅក្នុងតំបន់ និងពិភពលោកនោះ កម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងបន្តទទួលរងនូវផលប៉ះពាល់គួរឲ្យព្រួយបារម្ភ អាស្រ័យដោយការចរាចរគ្រឿងញៀនខុសច្បាប់ ដែលបង្កជាបញ្ហាស្មុគស្មាញ និងប្រឈមជាច្រើន ផងដែរ។
ពិធីជួបជាមួយវិស័យឯកជននៅខេត្តកំពង់ធំ ដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ បានធ្វើឡើងនៅ សាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងគរុសិស្ស ប្រមាណជិត ៣០០នាក់។
ខេត្តកំពង់ធំ មិនមែនជាខេត្តដែលឆ្លងកាត់ដូចមុនទៀតទេ ព្រោះប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស ដូចច្នេះសូមអាជ្ញាធរខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងគ្រប់គ្រង និងផ្តល់សេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរណ៍ ឲ្យបានឆាប់រហ័ស និងមានតម្លៃសមរម្យ ប្រកបដោយភាពជឿជាក់៕ ដោយ ប៊ុន រដ្ឋា 





































