កំពង់ធំៈ សកម្មភាពមហាគ្រួសារបេះមនុស្សធម៌ បានបន្តចុះសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី បន្ទាប់ពីបានបញ្ចប់នូវ ភារកិច្ចស្នូលក្នុងអង្គភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសិក្សាស្វែងយល់ពីជីវភាពរស់នៅពិតៗ របស់អតីតយុទ្ធជនគ្រប់រូប ដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្ត កំពង់ធំ ដើម្បីជួយក្នុងគ្រាមានលំបាក និងជាការរឹតបន្តឹងចំណង់មិត្តភាព រវាងគ្រួសារអតីតយុទ្ធជន និងកងកម្លាំងអាជ្ញាធរ ។
សកម្មភាពបេះដូងមនុស្សធម៌ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានជួយសាងសង់ផ្ទះ ដែល ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនបានចំនួនសរុប៥១ ខ្នងផ្ទះ ក្នុងខេត្តកំពង់ធំ គឺជាការណែនាំ និងតាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្នាដៃលេចធ្លោជាងគេ ក្នុងចំណោមសមាគម អតីយុទ្ធជនកម្ពុជា ទាំង២៥ ខេត្តក្រុង និងត្រូវបាន កោតសរសើរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នំា២០១៧ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនឆ្នាំ២០១៨ នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៨ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កន្លងមកនេះ។
ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបន្តដឹកនាំសហការី រួមជាមួយលោក ប៉ែនឌឿន មេឃុំ ព្នៅចុះសួរសុខទុក្ខ បងស្រី ទុយ ឡៃហួត ជាគ្រួសារអតីតយុទ្ឋជនពលី ស្ថិត នៅភូមិ កងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំនៅល្ងាចថ្ងៃទី០៣ខែមករា ឆ្នាំ ២០១៨ ។
បងស្រី ទុយ ឡៃហួត អាយុ ៤៥ ឆ្នំា ជាស្ត្រីមេម៉ាយ បន្ទាប់ពីស្វាមីបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងសមរភូមិនាសម័យសង្គ្រាម ឈ្មោះ ហ៊ន ហៃ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ នៅអង្ភភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ បានពលីជីវិតក្នុងសមរភូមិ តំបន់រលាទង គងកាំភ្លើង ព្រំប្រទល់បីស្រុក គឺស្រុក សន្ទុក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ នៅឆ្នាំ១៩៩៧ ក្នុងពេលប្រយុទ្ធ ។
បងស្រី ទុយ ឡៃហួត បច្ចុប្បន្នរស់នៅជាមួយឪពុកចាស់ជារា សុំសិល អ្នកទាំងពីរឪពុកនិងកូន មានជំងឺប្រចាំកាយ មានមុខរបរជាកម្មករសំណង់ និងស៊ីឈ្នួលច្រូតស្រូវ មានជីវភាពលំបាកខ្វះខាត ក្រុមការងារសមាគមអតីតយុទ្ធជន បានឧបត្ថម្ភ អង្ករ៥០ គ.ក មី ២ កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ សាប៊ូបោកខោអាវចំនួន២ កញ្ចប់ សាប៊ូដុសខ្លួនមួយដប មុងជ្រលក់ថ្នាំមួយ អាវរងាចំនួន២ ទឹកប្រទាលកន្ទុយក្រពើចំនួនមួយយួរ និងថវិកាចំនួន ១៦០,០០០ ៛ បងស្រី ទុយ ឡៃហួត រួមទាំងអាជ្ញាធរ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាចិត្តស្មោះត្រង់គាំទ្រ ឲ្យសម្តេចធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗអណ្ណតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
ដោយ ប៊ុន រដ្ឋា




































