ឧត្តមសេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ឋអតីតយុទ្ឋជន​ពិការ​ ឈ្មោះ ញ៉ឹម​​ ញានដែលកំពុងមានជំងឺ

0

ខេត្តកំពង់ធំៈ  អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ បានសម្តែងនូវភាពកក់ក្តៅ ខណៈពេលដែលបានឃើញ ភាពពិត នៃសកម្មភាពរបស់សមាគមអតីតយុទ្ធជនខេត្ត បានប្រឹងប្រែងធ្វើការងារមនុស្សធម៌ ដោយចិត្ត ស្មោះ ក្នុងការចុះជួយដោះស្រាយបញ្ហាបងប្អូនអតីតយុទ្ធជន ដែលជួបនូវភាពខ្វះខាតបានទាន់ពេលវេលា ។

ជាក់ស្តែងក្រុមការងារបេះដូងមនុស្សធម៌  ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាពចុះសួរសុខទុក្ខ និងសំណេះសំណាល គ្រួសារអតីតយុទ្ធជនពិការ ឈ្មោះ ​ញ៉ឹម​ ញាន​ អាយុ​ ៤៦​ ឆ្នំា ដែលកំពុងតែមានជម្ងឺ ដោយសារមុខរបួសរើ​ឡើងវិញ  លោក ​ញ៉ឹម​ ញាន ជាអតីតធ្លាប់​ ចូល​បម្រើ​កងទ័ព​នៅ​ឆ្នាំ​១៩៩៣​ អង្គភាព​យោធា​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  បាន​ត្រូវ​របួស​ ពិការ​នៅ​សមរភូមិ​ផ្លូវ​ជាតិ​លេខ​១២​ (៦២)​ តំបន់​អូរពោ​ធ៍​ នៅ​ឆ្នាំ​១៩៩៧​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា បន្ទាប់ពីការងារស្នូលរបស់អង្គភាព ឆ្លៀតពេលដឹកនាំសហការី រួមទាំងមេឃុំ ចុះសួរសុខទុក្ខ លោក ញ៉ឹម​ ញាន មាន​ភរិយា​ ឈ្មោះ​  ឌឹម​  អ៊ិត ​ អាយុ​៣៧​ ឆ្នំា​ មាន​កូន​ចំនួន​ ២​ នាក់​នៅក្នុង​បន្ទុក ពុំមាន​មុខ​របរ​ ​ពិត​ប្រាកដ​នោះទេ​ ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ ព្រះនង្គ័ល​  ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ នៅព្រឹកថ្ងៃទី ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៨​ ។

ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីចំនួន​២កេស​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ប៊ីចេង​មួយ​កញ្ចប់​  សាប៊ូ​បោកខោអាវ​ចំនួន​២កញ្ចប់​ សាប៊ូ​ដុស​ខ្លួន​មួយ​ដប​ មុងជ្រលក់ថ្នាំ​មួយ​  និង​ថវិកា​ចំនួន​១៥០.០០០​ ៛​ ព្រមទាំងបានផ្តាំផ្ញើរ ឲ្យថែរក្សាសុខភាព ការពារទ្រព្យ​សម្បត្តិផ្ទះសំបែង ក្នុងរដូវក្តៅនេះ និងអប់រំកូនចៅឲ្យក្លាយទៅជាមនុស្សល្អ សិស្សល្អ ចៀសផុតពី​គ្រោះ​ថ្នាក់គ្រឿង​ញៀន ។

ដោយ  ប៊ុន  រដ្ឋា