ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមមិទ្ទិញរំលឹកខួបទិវាជ័យជំនះ ៧ មករា លើកទី៣៩ នៅខេត្តកំពង់ធំ

0

កំពង់ធំ  ននាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទររំលឹកខួប លើកទី៣៩ នៃទិវាជ័យជំនះ៧មករា នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋបានចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បន្ទាប់ពីអំណានសន្ទរកថាស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន រួចមក ឯកឧត្តមបណ្ឌិត មានប្រសាសន៍ទៅកាន់អង្គពិធី ដោយបានរំលឹកពីការឈឺចាប់ជាមួយនឹងការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍ជាតិឯងនាអំឡុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «ទិវាជ័យជំនះ៧មករា លើកទី៣៩នេះ គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះទេ ទោះជាពេលនោះ គណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសជាតិ ប្រជាជនកម្ពុជា ឲ្យបានរួចផុតពីការកាប់សម្លាប់ជនជាតិខ្មែរក៏ដោយ។ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងរក្សាទិវា ៧ មករានេះ ឲ្យនៅជាអមត:តទៅ តែមានជនអគតិមួយចំនួន បានបំភ្លេចមិនទទួលស្គាល់ និងចង់បំផ្លាញចោលភស្តុតាងថែមទៀតផង»។

ឯកឧត្តមបណ្ឌិតបានរម្លឹកថា ក្នុងរបបប្រល័យពូនសាសន៍នេះ បានបិទសិទ្ធិគ្រប់បែបយ៉ាងចំពោះប្រជាជនកម្ពុជា ផ្ទុយពីសម័យបច្ចុប្បន្ន ដែលប្រជាជនមានសិទ្ធិគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់រានមានជីវិត និងមានគ្រប់សាសនា ពិសេសយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ បន្ទាប់ពីឯកឧត្តម សំណេះសំណាល រួច គណៈអធិបតីបានបង្ហោះប៉េងប៉ោង អបអរសាទរ ផងដែរ។