កំពង់ធំៈឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានក្រើនរំលឹកដល់មន្រ្តីក្នុងក្របខ័ណ្ឌក្រសួងអប់រំទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលជាមាតា បិតា ទី២ ត្រូវធ្វើជាគំរូល្អដល់សិស្ស និងខិតខំបង្រៀនតាមកម្មវិធីសិក្សារបស់ក្រសួងឲ្យបានល្អប្រសើរ ជាពិសេសត្រូវព្យាយាមបង្កើននូវគុណភាពអប់រំ តាមរយៈការអប់រំបណ្តុះស្មារតីដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជា ប្រកបដោយគុណភាព សមត្ថភាព ដែលអាចទទួលយកបាន។
ប្រសាសន៍នេះ ត្រូវបាន ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអធិបតីភាព ថ្លែងក្នុងពិធី បំពាក់គ្រឿងឥស្យរិយយសការងារ ប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកអប់រំ អមដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទំាងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យ និងវិក្រឹត្យការហ៊ុនសែនខេត្តកំពង់ធំសរុប ចំនួន ៣៧៧នាក់ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញ តួនាទី ភារកិច្ចបានល្អប្រសើរ ធ្វើឲ្យការសិក្សារបស់សិស្សានុសិស្ស ទទួលបានលទ្ធផលសិក្សាល្អគួរឲ្យកត់សម្គាល់ ស្របតាមកំណែរទម្រង់ក្នុងវិស័យអប់រំ ដែលមានទិសដៅលើកកម្ពស់តម្លៃគ្រូបង្រៀន គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមតម្រូវការទីផ្សារ និងសមាហរណកម្មអាស៊ាន ក្នុងនោះឯកឧត្តបានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវគោរពវិន័យ មកបង្រៀនឲ្យបានទៀងទាត់ ដើម្បីបន្តអនុវត្តតាមគោលនយោបាយកំណែរទម្រង់ក្នុងប្រព័ន្ធអប់រំនេះ ឲ្យមានប្រសិទ្ធភាពបន្តទៀត។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា មានប្រសាស៍ថា ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតនូវប្រាក់បំណាច់មុខងារដាច់ដោយឡែករបស់ក្រសួងអប់រំ ពីមន្រ្តីរាជកាក្រសួងដ៏ទៃ ដែលប្រាក់បៀវត្តន៍មានការកើនឡើងពី៤០ ម៉ឺនរៀលនៅឆ្នាំ២០១៣ ដល់ ១លាន ១សែនរៀល នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ការតំឡើងយ៉ាងដូច្នេះ គឺដើម្បីលើកស្ទួយនូវកម្រឹតជីវភាពគ្រូបង្រៀនក្នុងការរស់នៅប្រចាំថ្ងៃ និងដើម្បីពង្រឹងនូវប្រសិទ្ធិភាពនៃការបង្រៀន និងរៀន ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ដោយ ប៊ុន រដ្ឋា






































